ព័ត៌មានជាតិ

ក្រសួងសាធារណការ សំណូមពរពលរដ្ឋបញ្ឈប់ ការទន្ទ្រានយកដី ចំណីផ្លូវធ្វើឲ្យបាត់បង់ សោភ័ណភាព

ភ្នំពេញ ៖ លោក លីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរឲ្យ ប្រជាពលរដ្ឋបញ្ឈប់សកម្មភាព ទន្ទ្រានយកដីចំណីផ្លូវ និងចាក់ដីលុបរំលោភលើ ដីចំណីផ្លូវ ធ្វើឲ្យផ្លូវ បាត់បង់សោភ័ណភាព និងឆាប់ខូចមុនពេលកំណត់។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស ផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ ការទន្ទ្រានដីចំណីផ្លូវ តម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក លីម ស៊ីដេនីន បានថ្លែងថា ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណី ផ្លូវ តាមដងផ្លូវខុសច្បាប់ ឬការទន្ទ្រាន យកដីចំណីផ្លូវយកមកគ្រប់គ្រង ធ្វើឲ្យមានការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឲ្យកកស្ទះ ដល់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូបង្ហូរទឹក ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុងបានធ្វើឲ្យពិបាកក្នុងការ គ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង ។

លោកបញ្ជាក់ យ៉ាងដូច្នេះថា «ជំរុញលើកទឹកចិត្តឲ្យក្រសួង ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ លើកសំណើទៅរដ្ឋបាលខេត្ត សិក្សាទីតាំងចាក់សំរាម ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងការទន្ទ្រានយកដីចំណីផ្លូវ និងសំណូមពរឱ្យបងប្អូន ប្រជាពលរដ្ឋ បញ្ឈប់សកម្មភាពការ ទន្ទ្រានយកដីចំណីផ្លូវ ការចាក់ដីលុបរំលោភលើដី ចំណីផ្លូវ ដែលធ្វើឲ្យផ្លូវបាត់បង់សោភ័ណភាព នឹងបណ្ដាលឲ្យផ្លូវឆាប់ ខូចមុនពេលកំណត់»។

ឆ្លៀតឱកាសនោះ រដ្ឋលេខាធិការ ក្រសួងសាធារណការ ក៏បានរំលឹកថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ក្រសួងបានស្នើឲ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ពេលនេះក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ផ្លូវក្រវាត់ក្រុងទី៤នេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។

លោករដ្ឋលេខាធិការ បន្ដថា ផ្លូវក្រវាត់ក្រុងទី៤ជាផ្លូវមួយមានសារៈសំខាន់ ក្នុងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត៕

ដោយ ៖ អេង ប៊ូឆេង

To Top