ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ចំអកឱ្យ សម រង្ស៊ី ដែលត្រូវពលរដ្ឋថៃព្រមាន រឿងលើកម្រាមដៃបី និងចង់ស៊ីពែពីបាតុករនៅប្រទេសថៃ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យទណ្ឌិតសម រង្ស៊ី មេបក្សប្រឆាំងរត់ចោលស្រុក ដែលត្រូវប្រជាពលរដ្ឋថៃព្រមាន កុំឲ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ថៃ ពាក់ព័ន្ធការធ្វើបាតុកម្មលើកម្រាមដៃបី ដែលកំពុងកក្រើកនៅប្រទេសថៃ។

ក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែ តុលា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា “កុំទៅលើកម្រាមដៃ៣អីចូលរួមជាមួយថៃ ឃើញថៃគេដាក់ត្រឡប់មកវិញ កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃ។ ឃើញខាងថៃគេដាក់ត្រឡប់មកវិញ អីចង់សាមគ្គីភាពជាមួយការតស៊ូ របស់ប្រជាជនថៃ ។ រឿងថៃរបស់ថៃ ខ្មែររបស់ខ្មែរ”។

ទាក់ទិនបាតុកម្មលើកម្រាមដៃបី នៅប្រទេសថៃ កាលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ អតីតប្រធានគណៈកម្មាធិការ កិច្ចការបរទេសរបស់សភាថៃ នៃសម័យកាលរដ្ឋបាលលោកស្រី យីឡាក់ ឈ្មោះ សុណៃ ជល់ផុងសាថង បច្ចុប្បន្នជាអ្នកគ្រប់គ្រងទូរទស្សន៍ Onlineថៃ បានធ្វើការអត្ថាធិប្បាយព្រលះ លោក សម រង្ស៊ី ធ្ងន់ៗថា សម រង្ស៊ី ជាមនុស្សដើររកតែផលចំណេញពីគេ ពោលគឺចង់កេងចំណេញ និងស៊ីពេពីបាតុករនៅប្រទេសថៃ។

សូមបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក ក្រុមបាតុកររាប់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្ម ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា លាលែងចេញពីតំណែង និងកាត់បន្ថយអំណាច របស់ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)៕

To Top