ព័ត៌មានជាតិ

អ្នកស្លាប់ ដោយសារជំនន់ទឹកភ្លៀង កើនដល់៣៦នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យ មាន១៩នាក់

ភ្នំពេញ៖ រហូតមកដល់ពេលនេះអ្នកស្លាប់ ដោយសារជំនន់ទឹកភ្លៀង ក្នុងក្របខណ្ឌទូទាំងប្រទេស មានចំនួន៣៦នាក់ហើយ ក្នុងនោះខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់១៩នាក់ ដែលជាចំនួនមួយច្រើនជាងគេ។

ក្នុងឱកាសអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា “ខេត្តបន្ទាយមានជ័យមាន ការបាត់បង់ជីវិតដល់ទៅ១៩នាក់ គឺច្រើនជាងគេ នៅក្នុងក្របខណ្ឌទូទាំងប្រទេស តែរហូតមកដល់ពេលនេះ (អ្នកស្លាប់) ឡើងដល់៣៦នាក់”។

សូមរំលឹកថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិច ដោយសារជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ។ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះ បានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ៕

To Top