ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ ក្រុមប្រឆាំងបើចង់ធ្វើសត្រូវ ជាមួយលុយ ធ្វើតែពួកឯងទៅ កុំមកបបួលសម្តេច

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចំអក និងផ្ដាំផ្ញើរទៅកាន់ក្រុមប្រឆាំងថា បើចង់ធ្វើសត្រូវជាមួយលុយ ធ្វើតែពួកគ្នាអ្នកឯងទៅ កុំមកបបួលសម្តេច គឺសម្ដេចមិនធ្វើជាមួយទេ ។

ការថ្លែងរបស់សម្ដេចតេជោ បែបនេះធ្វើឡើងបន្ទាប់ពីមាន ក្រុមប្រឆាំងបានបង្ហោះសារលើហ្វេសប៊ុកថា គណបក្ស ប្រជាជនកម្ពុជា ពេលមានទឹកជំនន់ក៏ដើររៃលុយ បាក់អគារក៏រៃលុយ កូវីដក៏រៃលុយ ។

ក្នុងឱកាសអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោបានឆ្លើយតបទៅវិញថា «ពេលដែលសប្បុរសជន ចូលរួមជាទឹកចិត្តរបស់គេ យើងទទួលនេះជាទឹកចិត្ត របស់គេចង់ចូលរួម គេថាពេលទិញឡានក៏រៃលុយ ពេលកូវីដក៏រៃលុយ ពេលទឹកជំនន់ក៏រៃលុយ ពេលធ្វើអីក៏រៃលុយ អត់ទេសុំផ្ដាំទៅឯងវិញ ។ បើហែងចង់ធ្វើសត្រូវជាមួយលុយ ហែងធ្វើខ្លួនហែងទៅ អញអត់ធ្វើសត្រូវ ជាមួយលុយទេ» ។

សម្ដេចបន្តថា សប្បុរសជនគេចង់ចូលប៉ុន្មានទទួលប៉ុណ្ណឹង មួយរយក៏យក មួយពាន់ក៏យក ១លានក៏យក ព្រោះនេះជាទឹកចិត្តសប្បុរសរបស់គេ ។ មានតែពួកអ្នកឯងទេ រៃលុយដាក់ស្រោមសំបុត្រ ញាត់ក្នុងហោប៉ាវខ្លួនឯង ។ សម្ដេចថា ក្រុមនេះឲ្យតែមានកម្មវិធីម្ដងៗ សុទ្ធតែលក់សំបុត្រចូលរួម ហើយទាល់តែមានស្រោមសំបុត្រ បានអាចជួបមេបាន ។

សម្ដេចបញ្ជាក់ខ្លីថា «បើពួកហែងភ្លើ ភ្លើតែហែងទៅ មិនបាច់បបួលអញភ្លើទេ អញមិនភ្លើទេ» ។

សម្ដេចបន្ថែមថា គិតរហូតមកដល់ពេលនេះ មានសប្បុរសជនចូលរួម ឧបត្ថម្ភបានជិត៨លានដុល្លារហើយ ។ សម្ដេចថា ពេលកូវីដសម្ដេចអត់បានអំពាវនាវសុំជំនួយពីប្រជា ពលរដ្ឋឯណា គឺពេលនោះព្រះមហាក្សត្រ និងហ្លួងម៉ែ ទ្រង់សព្វព្រះហឬទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យមុនគេ បន្ទាប់មកមានឧកញ៉ា និងសប្បុរសជនជាច្រើន បានចូលរួមជាបន្តបន្ទាប់ ។

សម្ដេចតេជោគូសបញ្ជាកថា បើក្រុមអ្នកឯងចង់ធ្វើសត្រូវ ជាមួយលុយ ធ្វើតែក្រុមអ្នកឯងទៅ សម្ដេចមិនធ្វើជាមួយទេ ហើយក៏មិនបាច់មកប្រដៅសម្ដេចដែរ ព្រោះសម្ដេចគ្រប់គ្រងប្រទេសដល់ជាង៤ទសវត្សរ៍ហើយ ពោលគឺជិតកន្លះសតវត្សរ៍ ។ សម្ដេច បានបង្ហើបថា មានសមាជិកក្រុមប្រឆាំងម្នាក់ សុខចិត្តជាប់គុក ដើម្បីទទួលបានលុយពីក្រៅប្រទេស ។

សម្ដេចផ្ដាំទៅក្រុមប្រឆាំងថា មិនចាំបាច់ដៀមដាម និងបង្ហោះហ្វេសប៊ុកទេ គឺសម្ដេចនៅតែទទួល មិនថា សប្បុរសជនចង់ចូលរួមតិច ឬក៏ច្រើន ព្រោះនេះជាទឹកចិត្តរបស់គេ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្តថា ពួកនេះឃើញគេបានលុយ ច្រណែនគេ បើពួកនេះទៅរកលុយ គ្មានអ្នកណាគេឲ្យទេ បើគ្រាន់តែលុយគេចូលធ្វើនេះធ្វើនោះ យកគេទៅបាត់ មានខ្លះលុយគេចូលធ្វើចេតិយ៍ យកលុយគេទៅបាត់ បើចឹងមានអ្នកណាគេចូល ។ សម្ដេចថា តែនេះគេទុកចិត្តរាជរដ្ឋាភិបាល គេស្រឡាញ់ពលរដ្ឋ គេចង់ចូលរួម អ្នកខ្លះគេយកជំនួយចុះមកចែកផ្ទាល់ អ្នកចូលតាមអភិបាលខេត្ត អ្នកខ្លះទៀតក៏ចូលតាមស្ថាប័ន និងមានអ្នកខ្លះទៀតចូលតាមរាជរដ្ឋាភិបាល ។

សម្ដេចសង្កត់ធ្ងន់ថា «វាថាកូវីដក៏រៃលុយ ចឹងព្រះ មហាក្សត្រ និងហ្លួងម៉ែចូលពីរដង ចូលលើកទី១. ១លាន ដុល្លារ ចូលលើកទី២. ២លានដុល្លារ ចឹងតើយើងទៅរៃពីព្រះអង្គដែរ? ជាព្រះរាជហឬទ័យរបស់អង្គព្រះមហាក្សត្រ ជាការស្ម័គ្រព្រះទ័យរបស់ព្រះមាតាជាតិ ដើម្បីជួយដល់ កូនចៅរបស់ព្រះអង្គ ។ ឯងនិយាយបែបហ្នឹងជាការប្រមាថ មួយ រហូតថា បក្សយើងទៅរៃដល់ព្រះមហាក្សត្រ ហ្នឹងវាដោយទៅទាំងអស់ហើយចឹង ពួកអាហ្នឹងវាអីចឹង បានចរឹកពាលរបស់វា» ។

សម្ដេចបន្តទៀតថា សម្ដេចមិនចង់ឆ្លើយតបទេ គ្រាន់តែចង់ពន្យល់ប្រជាពលរដ្ឋឲ្យយល់ថា កុំធ្វើសត្រូវជាមួយលុយ ព្រោះរាល់ថ្ងៃខិតខំធ្វើការងារ គឺដើម្បីលុយ ។

ជាមួយគ្នានោះសម្តេចតេជោ ក៏បានចំអកចំពោះ អ្នកដែលរិះគន់កម្ពុជាថា «ជាសង្គមផឹកស៊ី» ដោយថ្លែងថា ការ សប្បាយជាធម្មជាតិរបស់មនុស្សដែលសង្គមណាក៏មាន ដែរ និងថាបើពួកអ្នកឯងមិនស៊ី មិនផឹក គឺកុំស៊ីតែម្ដងទៅ ប៉ុន្តែពួកនេះស៊ីហើយមិនឲ្យលុយគេទៀត ។

សម្តេចតេជោ បញ្ជាក់ឡើងវិញថា ក្រុមប្រឆាំងចង់ធ្វើសត្រូវជាមួយលុយ ចំណែកសម្តេចមិនចង់ធ្វើសត្រូវជាមួយលុយទេ តែចង់ធ្វើមិត្តភក្តិជាមួយលុយ ដោយសារឆ្នាំ៧៩ ពីបាតដៃទទេទាំងអស់គ្នា រហូតដល់ឥឡូវផ្ទះសុទ្ធតែផ្ទះថ្ម ។ សម្តេច រិះគន់ និងហៅក្រុមប្រឆាំងថាជា ក្រុមមុខលុយ តែតាំងខ្លួនធ្វើសត្រូវជាមួយលុយ ។

ទន្ទឹមគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តី ជាសម្ភារៈស្បៀងអាហារក្តី តាមរយៈ រាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការចុះចែកផ្ទាល់ ដល់ប្រជាជនដែលរងគ្រោះ ។

សម្តេចតេជោ ក៏បានកោតសរសើរស្ថាបន័ថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះ ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដែលនេះ បានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយ នៃជាតិ។ សម្តេចមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀសប្រជាជនចេញពីកន្លែងរងគ្រោះឲ្យបាន ដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត ៕

ដោយ៖ ខា ដា

To Top