ព័ត៌មានជាតិ

លោក កឹម សុខា ស្នើរដ្ឋាភិបាលស្វីស ជួយពលរដ្ឋខ្មែរបន្ដ ទៀត ជាពិសេសជំនួយមនុស្សធម៌

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Buerli Markus នាយកកិច្ចសហប្រតិបត្តិការ និងជាទីប្រឹក្សាអភិវឌ្ឍន៍ស្វីសប្រចាំនៅកម្ពុជា លោក កឹម សុខា បានស្នើរដ្ឋាភិបាលស្វីស ជួយប្រជាពលរដ្ឋខ្មែរបន្តទៀត ជាពិសេស ជំនួយមនុស្សធម៌ និងសុខភាព ស្របពេលកម្ពុជាមានជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀង។

បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក កឹម សុខា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោកអរគុណចំពោះរដ្ឋាភិបាលស្វីសដែលបានយកចិត្តទុកដាក់សុខភាពលោក ហើយមកពិនិត្យសុខភាពដល់គេហដ្ឋានលោកផ្ទាល់ ជាពិសេស ផ្តល់ជំនួយដល់ប្រជាពលរដ្ឋខ្មែរកន្លងមក។

លោកបន្ដថា «ខ្ញុំក៏សុំឲ្យរដ្ឋាភិបាលស្វីស ជួយដល់ប្រជាពលរដ្ឋខ្មែរបន្តទៀត ជាពិសេស ផ្តោតលើជំនួយមនុស្សធម៌ និងសុខភាព ស្របពេលដែលមានជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះទឹកជំនន់ បច្ចុប្បន្ននេះ»។

សូមជម្រាបថា ក្នុងជំនួបពិភាក្សាការងាររវាង លោក កឹម សុខា ជាមួយ លោក Buerli Markus ភាគីទាំងពីរ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងគ្រោះមហន្តរាយជំនន់ទឹកភ្លៀងផង៕

To Top