ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កំពុងប្រែក្លាយ តំបន់ការពារធម្មជាតិខ្លះ ទៅជាទេសចរណ៍ធម្មជាតិ

ភ្នំពេញ ៖ លោកនេត្រ ភត្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយ ប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិខ្លះ ដែលមានសក្តានុពលទេសចរណ៍ ឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ច សម្រាប់សហគមន៍មូលដ្ឋាន ក៏ដូចជាចូលរួមអភិវឌ្ឍកំណើន សេដ្ឋកិច្ចជាតិ ។

តាមរយ:ប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនេត្រ ភត្រ្តា បានថ្លែងថា” រាជរដ្ឋាភិបាលកម្ពុជាមាន គោលនយោបាយប្រែក្លាយទីតាំងមួយចំនួន ក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើន សេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធាន ធម្មជាតិនិង ជីវៈចម្រុះ”។

លោកបន្តថា បច្ចុប្បន្ន គោលនយោបាយនេះ បាន ក្លាយជាការពិត ហើយបាននិងកំពុងតែអនុវត្តនិងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធបាន និងកំពុងជំរុញនិងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ នៅតាមតំបន់ការពារ ធម្មជាតិនានា ក្នុងប្រទេសកម្ពុជា។ ដែលទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិទាំងនោះ ពោរពេញ ដោយសក្តានុពលទេសចរណ៍។

ក្នុងឱកាសនោះលោកបញ្ជាក់ថា ការផ្តល់សេវាកម្មទេសចរ ណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិបាននិងកំពុងនាំយកនូវចំណូល ថវិការាប់លានដុល្លារ ចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ ដែលកម្ពុជាមានដល់ពលរដ្ឋរបស់ខ្លួននិងទេសចរបរទេសក៏ដូចជា បានចូលរួមបណ្តុះស្មារតីស្រឡាញ់និងការពារបរិស្ថាននិងធនធានធម្មជាតិដល់សាធារណជនផងដែរ។

លោករដ្ឋលេខាធិការ បញ្ជាក់ទៀតថា ក្នុងរយៈពេល ៩ ខែឆ្នាំ២០២០ នេះចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់សហគមន៍ចំនួន ២២ ក្នុងតំបន់ការពារធម្មជាតិ ១២ កន្លែង ស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានប៉ាន់ស្មានថា បានចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូល ដ្ឋានប្រមាណជាង ២៥,២១ លាន ដុល្លារ ដោយមាន ភ្ញៀវទេសចរជាតិនិងអន្តរ
ជាតិចំនួន ៥៣៦.៥៤៥នាក់ (ភ្ញៀវទេសចរជាតិចំនួន ៥២៩.១៦០នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧.៣៨៥នាក់)។

លោកបន្ថែមថា ចំនួនភ្ញៀវទេសចរដើរកម្សាន្តនៅតាមតំបន់ ទេសចរណ៍ធម្មជាតិនានា ក្នុងតំបន់អភិរក្សនិងការពារដោយក្រសួងបរិស្ថាននៅឆ្នាំ២០២០នេះ មាន ការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ ២០១៨ និង២០១៩។

ជាមួយគ្នានោះលោកសង្កត់ធ្ងន់ថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខរបរថ្មី ជូនប្រជាសហគមន៍ ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណីរបស់ពលរដ្ឋចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ និងការប្រើ ល្បិចកល ការញុះញង់របស់ក្រុមជនខិលខូចមួយចំនួន ចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។

លើសពីនេះទៀត លោកថាដើម្បីប្រសិទ្ធភាព និងការពង្រឹងវិធានការការពារនិងអភិរក្សធនធានធម្មជាតិរួមមាន:(ព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេង) ទៀតឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ក្រោយ ចាំបាច់ត្រូវមានផែនការយុទ្ធសាស្ត្រ ដំណោះស្រាយ
សមស្រប នោះគឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងនិងជុំវិញតំបន់តំបន់ការពារធម្មជាតិ មានជីវភាព
ល្អប្រសើរ ទទួលបានការអប់រំបណ្តុះបណ្តាល មានចំណេះដឹង និងចូលរួមទទួលខុសត្រូវ លើការ
ងារការពារនិងអភិរក្ស ហើយទទួលបានផលប្រយោជន៍ពីកិច្ចការអភិរក្សនេះ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានតំបន់ការពារធម្មជាតិចំនួន៧២កន្លែង ដែលមានផ្ទៃដីសរុបចំនួន ៧.៣០០០០០ហិកតា៕ដោយ៖ធី លីថូ

To Top