ព័ត៌មានជាតិ

សម្ដេច ស ខេង បួងសួងឲ្យសម្ដេចតេជោ និងក្រុមគ្រួសារ ចៀសឆ្ងាយពីជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបួងសួងឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារ បវាសចៀសឆ្ងាយពីជំងឺកូវីដ-១៩ និងមានសុខភាពល្អ ដើម្បីបន្ដដឹកនាំប្រទេស។

ក្នុងសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើ សេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេច ស ខេង បាន រំលឹកពីដំណើរទស្សនាកិច្ចរដ្ឋមន្ដ្រីក្រសួងការបរទេស ហុងគ្រីនៅកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចក៏បន្ដដំណេីរ ទៅថៃ រួចក៏បានរកឃើញកូវីដ-១៩នៅទីនោះ។

សម្ដេចបន្ដថា ក្នុងករណីខាងលើមានមន្ដ្រីរាជរដ្ឋាភិបាល មួយចំនួន ក្នុងនោះ មានសម្ដេចតេជោ ហ៊ុន សែន បាន ពាក់ព័ន្ធជាមួយរដ្ឋមន្ដ្រីការបរទេសហុងគ្រី ហើយត្រូវបានធ្វើចត្តាឡីស័ក ដោយខ្លួនឯង រយៈពេល១៤ថ្ងៃ។

សម្ដេចមានប្រសាសន៍ថា «ខ្ញុំសូមបួងសួង សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន និងនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ចៅៗទាំងអស់បវាសចៀសឆ្ងាយ កុំប៉ះនៅជំងឺដ៏កាចសាហាវនេះ (ជំងឺកូវីដ-១៩) ហើយនិងមានសុខភាពល្អ បន្ដដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្ដិភាព និងមានការអភិវឌ្ឍបន្ដទៀត»។

ជាងនេះទៅទៀត សម្ដេចស ខេង ក៏បានលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទាក់ទងធ្វើចត្តាឡីស័ក ជាពិសេស ជាគំរូមួយដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕

ដោយ អេង ប៊ូឆេង

To Top