ព័ត៌មានជាតិ

លោក សួស យ៉ារ៉ា បកស្រាយថាមិនបាន ចូលរួមបុណ្យឯករាជ្យ

ភ្នំពេញ ៖ ក្រោយផ្ទុកជំងឺកូវីដ១៩ ហើយមានអ្នកលើកឡើងថា លោក សួស យ៉ារ៉ា តំណាងរាស្ត្របានចូលរួមបុណ្យ ឯករាជ្យ៩វិច្ឆិកា នោះ លោកបានបកស្រាយថា លោកមិនបានចូលរួមឡើយ។

លោកក៏បានផ្ញើសារទៅ អ្នកបំផ្លើសនោះថា មេរោគ​កូវីដ១៩ ជាមេរោគរាតត្បាតសកល​ ដូច្នេះកុំយកមកធ្វេីជាល្បែង នយោបាយ​ ឫភូតកុហក​ ឫប្រឌិតដេីម្បីបំភ័យសាធារណៈជន។ នេះបើតាមលោកបង្ហាញក្នុង ហ្វេសប៊ុកនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកសួស យ៉ារ៉ា បានបង្ហាញក្នុងហ្វេសប៊ុកថា “ខ្ញុំបានអនុវត្តចត្តាឡឺស័កយ៉ាងមុឺងម៉ាត់​ មិនដូចការបំផ្លេីសថាខ្ញុំបានទៅទិវាបុណ្យឯករាជ្យ​ឫទីណាផ្សេងៗឡេីយ។ មេរោគ​ COVID-19 ជាមេរោគរាតត្បាតសកល​ សូមកុំយកវាធ្វេីជាល្បែងនយោបាយ​ ឫភូតកុហក​ ឫប្រឌិតដេីម្បីបំភ័យសាធារណៈជន”។

ក្នុងនាមជាអ្នកជំងឺកូវីដ១៩ លោកបានផ្តាំថា ត្រូវប្រុងប្រយ័ត្នបំផុតមេរោគ​ COVID-19 ព្រោះអាចឆ្លងតាមខ្យល់ក្នុងបន្ទប់ម៉ាសុីនត្រជាក់​ ដែលពុំមានលំហគ្រប់គ្រាន់​ ដូច្នេះគ្រប់គ្នាត្រូវពាក់ម៉ាស់ដាច់ខាត។

លោក សួស យ៉ារ៉ា ក្រោយរកឃើញផ្ទុកកូវីដ១៩រួចមក មានមតិមួយចំនួនលើកឡើងថា លោកបានចូលរួមក្នុងបុណ្យឯករាជ្យជាតិ ។ ការលើកឡើងយ៉ាងដូច្នេះក្រោយឃើញថតមួយសន្លឹកថតជាមួយលោក ហ៊ុន ម៉ានី និងមន្រ្តីមួយចំនួនទៀត។ តែក្រោយលើកឡើងដូចនេះហើយ លោក ហ៊ុន ម៉ានី តបថា ជារូបថតតាំងពីឆ្នាំ២០១៩មកម្ល៉េះ។

លោក សួស យ៉ារ៉ាត្រូវបានរកឃើញជំងឺកូវីដ១៩ បន្ទាប់បានជួបទទួលលោករដ្ឋមន្រ្តីការបរទេសហុងគ្រី ក្នុងពេលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា។ រដ្ឋមន្រ្តីការបរទេសហុងគ្រីរកឃើញមានជំងឺកូវីដ១៩ បន្ទាប់ពីចាក់ចេញពីកម្ពុជាទៅដល់ថៃ៕

To Top