ព័ត៌មានជាតិ

លោក​ ហ៊ុន​ ម៉ាណែត​ ចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំង ប្រដាប់អាវុធ​ ទិ​សយោធភូមិភាគទី១ នៅទីបញ្ជាការកងពលតូច អន្តរាគមន៍​លេខ១២៨

ភ្នំពេញ៖​ លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជេីញចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី១ នៅទីបញ្ជាការកងពលតូច អន្តរាគមន៍លេខ១២៨​ នាខេត្តស្ទឹងត្រែង​ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០​។ 

លោក​ បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងនឹករលឹក​ ពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទំាងពីរ​ តែងយកចិត្តទុកដាក់គិតគូរ​ គ្រប់ពេលវេលាអំពីសុខទុក្ខរបស់បងប្អូន​  កងម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ចរបស់ខ្លូនយ៉ាងអង់អាចក្លាហាន​   ក្នុងការការពារបូរណភាពទឹកដីតាមខែ្សបន្ទាត់ព្រំដែន​   ក្នុងភូមិសាស្ត្រយោធភូមិភាគទី១។

លោក​ស្នេីសូមបន្តរក្សាស្មារតីសេ្នហាជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាព​  អោយបានស្ថិតស្ថេរយូរអង្វែង ហើយបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីថែរក្សានូវសមិទ្ធផលនានាដែលបុព្វបុរសជំនាន់មុនៗបានបង្កើតនិងបន្សល់ទុកអោយជំនាន់ក្រោយ។ សុខសន្តិភាព ប្រៀបបានទៅនឹងខ្យល់ដង្ហើមដែលមនុស្សទាមទារជាចាំបាច់ក្នុងការរស់រានមានជីវិត ព្រោះថាសង្គ្រាម ការបាក់បែក នឹងចូលខ្លួនមកជំនួស​ បើអវត្តមានសន្តិភាព  ដូច្នេះសូមកងកម្លាំងប្រដាប់អាវុធដែលជាកម្លាំងជួរមុខ បន្តការពារ និងថែរក្សានូវសុខន្តិភាពដែលយើងមានសព្វថ្ងៃអោយបានគង់វង្ស។

លោកបន្តថា​ ទោះបីជារាជដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើង​    បានរក្សានូវប្រសិទ្ធភាព​   ក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រានៃការរីករាលដាលរបស់ជម្ងឺរាតត្បាតកូវីដ-១៩ទូទាំងផ្ទៃប្រទេសយ៉ាងណាក៏ដោយ ក៏យើងនៅតែមិនអាចធ្វេសប្រហែសចំពោះជម្ងឺនេះទ្បើយ ព្រោះថាអត្រាកើនទ្បើននៃការរីកដាល នៅតាមបណ្តាប្រទេសនានា នៅតែបន្ត ដោយសារកើតទ្បើងនូវភាពធូររលង់មួយរយៈពេលខ្លី។ ដូច្នេះហើយ សម្តេចតេជោ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមបន្តប្រុងប្រយ័ត្ន និងរឹតបន្តឹងការអនុវត្តនូវវិធានសុខាភិបាលដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងថែរក្សាសុខភាពអោយបានល្អ ជាពិសេសនៅក្នុងរដូវត្រជាក់នេះ បើមានជម្ងឺផ្តាសាយកើតទ្បើង សូមធ្វើការរូតរះទៅមន្ទីពេទ្យ ដើម្បីចៀសវាងពីការឆ្លងដល់បុគ្គល ហើយចម្លងបន្តទៅអ្នកដទៃជុំវិញខ្លួន និងអង្គភាព ប្ញ សហគមន៍ទាំងមូល។ 

ជម្ងឺនេះគឺជាគ្រោះថ្នាក់ចំពោះមុខ ហើយថែមទាំងបានគំរាមកំហែងដល់សន្តិសុខជាតិ និងអាយុជីវិតយើងនិងក្រុមគ្រួសារ ក៏ដូចជាជនរួមជាតិទាំងមូល ក្នុងន័យនេះសូមកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលរួមសហការ និងបន្តចាត់វិធានការតឹងរ៉ឹងការពារមិនឲ្យមានការរីករាលដាលកើតទ្បើង ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងប្រទេសរបស់យើង។

លោកសូមអរគុណ និងកោតសរសើរចំពោះភាពអង់អាចក្លាហានរបស់បងប្អូន ចំពោះការបំពេញភារកិច្ចជាយោធិន ក្នុងការការពារបូរណភាពទឹកដី ដោយភាពសហការ អំណត់អត់ធន់ រួមជាមួយភាពម៉ឺម៉ាត់ ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ធានាបាននូវសន្តិសុខ និងស្ថិរភាពជូនប្រជាពលរដ្ឋ តាមបណ្តោយបន្ទាត់ព្រំដែន និងសូមកោតសរសើរ ចំពោះការការពារ មិនឲ្យមានការរីករាលដាលនូវជម្ងឺរាតត្បាតកូវីដ-១៩ក្នុងអង្គភាព និងគ្រួសាររបស់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់យើង៕

To Top