ព័ត៌មានជាតិ

សម្ដេចតេជោ ចាត់តាំង សម្ដេច ទៀ បាញ់ ដឹកនាំគណៈប្រតិភូ​ នាំយកអំណោយម៉ាស និងបរិក្ខារពេទ្យ ជូននាយករដ្ឋមន្ដ្រីឡាវ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់តាំង សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដោយមានការអមដំណើរ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីដឹកនាំគណៈប្រតិភូ​ នាំយកអំណោយម៉ាស ចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួន​ ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។

សូមជម្រាបថា ពិធីទទួលម៉ាស និងបរិក្ខារពេទ្យ ដោយមានការទទួលផ្ទាល់ពី លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ នៅព្រលានយន្ដអន្ដរជាតិ ប្រទេសឡាវ ។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបរិច្ចាគម៉ាស ចំនួន២លាន និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត ដើម្បីផ្ដល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ។

សម្ដេចតេជោ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្ដ្រីឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយនឹងងើបឡើងវិញ​ យ៉ាងរឹងមាំជាមួយគ្នា៕

To Top