ព័ត៌មានជាតិ

កម្ពុជា-សហភាពអឺរ៉ុប ពង្រឹងពាណិជ្ជកម្ម វិនិយោគទ្វេភាគី ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយ លោក ប៉េត្រូស ស៊ូម៉េលីស (Petros Sourmelis) ប្រធានផ្នែកពាណិជ្ជកម្ម និងវិនិយោគ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសថៃ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងពាណិជ្ជកម្ម ។

សូមជម្រាបថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សា ត្រៀមសម្រាប់កិច្ចប្រជុំ របស់ អនុគណៈកម្មាធិការ ស្តីពីពាណិជ្ជកម្មនិងវិនិយោគ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរុបលើកទី១១ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

នាឱកាសនោះដែរ លោក សុខ សុភ័ក្ត្រ ក៏បានធ្វើបច្ចុប្បន្ន ភាពស្តីពី កំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប និងបានលើកឡើង ពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ ។ កិច្ចពិភាក្សានេះក៏បានផ្លាស់ប្តូរ បច្ចុប្បន្នភាពស្តីពីវិធានការក្នុងការស្តារ សេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទកូវីដ-១៩ ការធ្វើវិសោធនកម្មច្បាប់កម្ពុជា ទាក់ទងនឹង ពាណិជ្ជកម្មនិងវិនិយោគ ការចរចារបស់កម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្ម សេរីទ្វេភាគីនិងពហុភាគី ការវិវត្តនៃរបៀបវារៈ ក្នុងអង្គការពាណិជ្ជកម្ម ពិភពលោក ផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមលើកម្ពុជា ដំណើរការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន ពិសេសហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ ព្រមទាំងបញ្ហាមួយចំនួនទៀត ដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។

ជាងនេះទៅទៀ តរ ដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានពន្យល់ថា ផលប៉ះពាល់កើតចេញពីវិបត្តិកូវីដ-១៩ បានធ្វើឲ្យការបញ្ជាទិញពីបណ្តាប្រទេស ក្នុងសហភាពអឺរ៉ុបមានការថយចុះ ដោយសារការបិទទីផ្សារក្នុងស្រុក និងការកាត់បន្ថយការប្រើប្រាស់ក្នុងស្រុក៕

To Top