ព័ត៌មានជាតិ

កម្ពុជា-ដាណឺម៉ាក បន្តពង្រឹងកិច្ចសហការ ផ្នែកការទូតសេដ្ឋកិច្ច ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី

ភ្នំពេញ៖ ទោះបីជាកំពុងប្រឈម នឹងវិបត្តិជំងឺកូវីដ១៩ ដូចគ្នា ប៉ុន្តែកម្ពុជា និងដាណឺម៉ាក បានសន្យាបន្តពង្រឹង វិស័យការទូតសេដ្ឋកិច្ចថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ខណៈដែលទឹកប្រាក់ នៃការដោះដូរពាណិជ្ជកម្ម កាលពីឆ្នាំ២០១៩ សម្រេចបានជាង ៣០០លានដុល្លារ។

នេះបើយោងតាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជំនួបរវាងលោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ជាមួយលោក ចន ថូរហ្គាដ (Jon Thorgaard) ឯកអគ្គរាជទូតដាណឺម៉ាកថ្មី ប្រចាំប្រទេសកម្ពុជា ដែលមាននិវាសដ្ឋាន នៅក្នុងព្រះរាជាណាចក្រថៃ។ ក្នុងឱកាសនោះលោកអ៊ូក សោភ័ណ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងដាណឺម៉ាក។

ជាមួយគ្នានោះ លោកក៏បានប្រាប់លោក ចន ថូរហ្គាដ ពីកិច្ចប្រឹងប្រែងរបស់ស្ថានទូត ក្នុងការជំរុញការទូតសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ព្រមទាំងយុទ្ធសាស្ត្រថៃបូក១ ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ឱ្យចូលទៅកម្សាន្ត និងធ្វើធុរកិច្ចកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតបលោក ចន ថូរហ្គាដ បានបង្ហាញសុទិដ្ឋិនិយម ជាមួយការប្តេជ្ញាចិត្ត បន្តជំរុញការទូតសេដ្ឋកិច្ច ជាមួយប្រទេសនានារាប់ទាំងកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្ម ដោយសារលោក ជាប្រធានក្រុមឯកអគ្គរាជទូតដាណឺម៉ាក នៃប្រទេសចំនួន១៧ ក្នុងតំបន់អាស៊ាន។

លើសពីនេះទៀត លោកឯកអគ្គរាជទូតដាណឺម៉ាក ក៏បានប្រាប់លោកទូតកម្ពុជា ប្រចាំប្រទេសថៃអំពីវិធានការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ពីមនុស្សទៅសត្វស្ការ (Mink) ដែលចិញ្ចឹមនៅតាមកសិដ្ឋាន ធ្វើឱ្យប៉ះពាល់ ដល់ការនាំចេញពីដាណឺម៉ាក មកកម្ពុជាផងដែរ៕ ដោយ៖ធី លីថូ

To Top