ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងអប់រំ ៖ ការប្រឡងបាក់ឌុប នៅសម័យកូវីដ ត្រូវបន្ដរឹតបន្ដឹងដដែល កុំឲ្យមានការរើសអើង រវាងសិស្ស ប្រឡងសម័យកូវីដ និងសិស្សប្រឡង សម័យគ្មានកូវីដ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិ ក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ត្រូវបន្ដរឹតបន្ដឹងដដែលដូចឆ្នាំ មុនៗ ធ្វើយ៉ាងណាកុំឲ្យមានការរើសអើងរវាង សិស្សានុសិស្ស ប្រឡងសម័យគ្មានកូវីដ-១៩ និងសម័យប្រឡងមានកូវី ដ-១៩។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសបើកសាលារៀន និងបើកស្តាតអូឡាំពិក ឲ្យដំណើរការដូចធម្មតាវិញបន្ទាប់ពី សម្រេចផ្អាក និងបិទជាបណ្តោះអាសន្ន ដោយសារព្រឹត្តិការណ៍ ៣ ខែវិច្ឆិកា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជួន ណារ៉ុន បានថ្លែងថា «យើងមិនចង់ឲ្យមានការរើសអើងរវាង សញ្ញាបត្រកូវីដ និងសញ្ញាបត្រមិនកូវីដ ដូច្នេះ ក្រសួង តម្រូវគ្រឹះស្ថានសិក្សាអនុវត្តកម្មវិធីសិក្សា ឲ្យបានពេញលេញ ហើយផ្ដល់រយៈពេលចំនួន៣ខែឲ្យគាត់រៀនបន្ថែមទៀត ។ ក្នុងរយៈពេល៣ខែនេះ យើងបានគិតគូររួចហើយថា ប្រសិនបើសិស្សគាត់សិក្សាបានហ្មត់ចត់ និងបានម៉ឺងម៉ាត់ បូកជាមួ យគាត់ រៀនជាមួយអនឡាញទៀត អីចឹងមានពេលគ្រប់គ្រាន់ ដើម្បីអាចមានសមត្ថភាពប្រឡងបាន»។

លោកបន្ដថា អ្វីដែលក្រសួងអប់រំ ផ្ដល់ឲ្យសិស្សានុសិស្ស បានសិក្សាក្នុងរយៈពេល៣ខែបន្ថែមទៀតនោះ គឺគ្រប់គ្រាន់ស ម្រាប់សិស្សានុសិស្សក្នុងការប្រឡង ហើយក្រសួងក៏មិនមានវិធានការអ្វី ដែលធ្វើឲ្យប៉ះពាល់ជាមួយការ សិក្សារបស់ សិស្សានុសិស្សឡើយ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងយើងរក្សាស្ដង់ដារដដែល ព្រោះអ្វី? យើងចង់ឲ្យសិស្សយើងមានសមត្ថភាពខ្ពស់ ទោះ បីមានកូវីដក្ដី មិនមានកូវីដក្ដី គាត់ចេញទៅអាចរកការងារធ្វើបាន អាចរៀនបន្ដបាន ហើយនឹងមិនមានការរើសអើងទេ នៅក្នុងសង្គមយើង»។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងអប់រំ ក៏បានរៀបរាប់ថា នៅសម័យកូវីដ-១៩ មានប្រទេសមួយចំនួន អត់មានការប្រឡងឡើយ គឺគេទទួលស្គាល់ការរៀនតែម្ដង ហើយមិនចាំបាច់ប្រឡង គ្រាន់តែយកពិន្ទុ ដែលរៀនក្នុងថ្នាក់ ធ្វើជាលទ្ធផល ដើម្បីទទួលស្គាល់ ។

លោករដ្ឋមន្ដ្រី ថា ដោយឡែកនៅកម្ពុជាវិញ ហេតុអ្វីបានជាកម្ពុជា ចង់ឲ្យមានការប្រឡង? ព្រោះមិន ចង់ឲ្យមានរើសអើង ដូច្នេះហើយបានជាក្រសួង ផ្ដល់ពេលវេលាសម្រាប់សិក្សា រយៈពេល៣ខែបន្ថែមទៀត ខណៈប្រទេ សមួយចំនួន បានបិទបញ្ចប់ការសិក្សា ហើយបើកដំណើរការឆ្នាំសិក្សាថ្មី។

លោករដ្ឋមន្ដ្រី បញ្ជាក់ថា បើមិនផ្ដល់ពេលវេលាសម្រាប់សិស្សរយៈពេល៣ខែទៀតនោះ នឹងមានការរើសអើងរវាង សញ្ញាបត្រឆ្នាំធម្មតា និងសញ្ញាបត្រសម័យកូវីដ។ ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី ក៏បានជំរុញ សិស្សានុសិស្ស ថ្នាក់ទី១២ទាំងអស់ ត្រូវបន្ដខិតខំប្រឹងរៀនសូត្របន្ថែមទៀត ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពេលខាងមុខនេះ ឲ្យទទួលបានជោគជ័យគ្រប់គ្នាផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top