ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុនសែន ថ្លែងអំណរគុណ លោកស្រី ឡូរ៉ង់ បារីល សម្រាប់ជំនួយ គាំទ្រដល់ការធ្វើ តេស្តរកកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្ដែងនូវការថ្លែងអំណរគុណ ជូនចំពោះលោកស្រី ឡូរ៉ង់ បារីល (Laurence Baril) នាយក វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា សម្រាប់ជំនួយដ៏ប្រពៃ ដែលបានផ្តល់ជូនកម្ពុជា ដើម្បីគាំទ្រ ដល់ការធ្វើតេស្តរកកូវីដ-១៩ លើមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងរូបសម្តេចផ្ទាល់ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ នឹងព្រឹត្តិការណ៍៣វិច្ឆិកា ។

យោងតាមលិខិតរបស់ សម្ដេចតេជោ ហ៊ុនសែន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា “ខ្ញុំសរសេរលិខិតថ្លែងអំណរគុណនេះ ដើម្បីអរគុណ លោកស្រី និងក្រុមការងារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សម្រាប់ជំនួយដ៏ប្រពៃ ដែលពួកគាត់ បានផ្តល់ជូន ដើម្បីគាំទ្រដល់ការធ្វើតេស្តរកតួវីដ១៩ លើមន្ត្រីរដ្ឋាភិបាល កម្ពុជា រួមទាំងរូបខ្ញុំផ្ទាល់ ព្រមទាំងមនុស្សទាំងអស់ ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងដោយប្រយោល នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល” ។

សម្ដេចបន្តថា កាយវិការនេះ ពិតជា បង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា របស់លោកស្រី ឡូរ៉ង់ បារីល ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី យកឈ្នះវិបត្តិសកលដែលពុំធ្លាប់មានពីមុនមកនេះ។

សម្ដេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ទោះបីជាករណីកូវីដ-១៩ កំពុងកើនឡើង យ៉ាងឆាប់រហ័សនៅទូទាំងតំបន់ និងពិភពលោក ក៏ដោយ តែសម្ដេច ជឿជាក់ថា ដោយមានការគាំទ្រ យ៉ាងខ្លាំងពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់លោកស្រី ប្រទេសកម្ពុជានឹងអាចឆ្លងផុតពីការគំរាមកំហែងរួមជាសកលនេះ។

លើសពីនេះទៀតសម្ដេច ក៏បានសំដែងនូវអំណរគុណយ៉ាងស្មោះ ជូនចំពោះលោកស្រី និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ និងការគាំទ្រឥតប្រែប្រួលផ្តល់ជូនអាជ្ញាធរកម្ពុជាពាក់ព័ន្ធ ក្នុងការប្រយុទ្ធ នឹងជម្ងឺរាតត្បាតសកលនេះដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្ពុជាបានបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា បន្ទាប់ពីបានធ្វើតេស្ដលើអ្នកប៉ះពាល់ផ្ទាល់ និងជាប្រយោល ក្នុងព្រឹត្តិការនេះ ទាំង១.៤២២នាក់ ជាលើកទី៤ អវិជ្ជមានកូវីដ១៩ ទាំងអស់ ៕ ដោយ៖ធី លីថូ

To Top