ព័ត៌មានជាតិ

អូស្ត្រាលីបន្តផ្ដល់ជំនួយ ដល់ជនមានពិការភាពរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ឯកអគ្គរាជទូតរង លោក Luke Arnold នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានចុះចែកសម្ភារៈជំនួយគ្រោះទឹកជំនន់ ចំនួន ៦០០ កញ្ចប់ ដល់អង្គការតំណាងជនពិការ នៅខេត្តបាត់ដំបង។ ជំនួយនេះ ជាជំនួយបន្ត បន្ទាប់ពីឯកអគ្គរាជទូត Kang បានចែកសម្ភារៈជំនួយគ្រោះទឹកជំនន់ នៅខេត្តកំពង់ស្ពឺ កាលពីដើមសប្តាហ៍កន្លងមក។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ផេកហ្វេសប៊ុកទូត។

អូស្រ្តាលីបានផ្តល់ជំនួយជា អង្ករចំនួន ១០ ០០០ គីឡូក្រាម ត្រីខចំនួន ១០ ០០០កំប៉ុង សាប៊ូចំនួន ៤ ០០០ ដុំ និងមុងចំនួន ១ ០០០មុង ដល់ជនមានពិការភាព និងគ្រួសាររបស់គេនៅក្នុងខេត្តទាំងពីរនេះដែលបាន រងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ នាពេលកន្លងមក។

លោក Arnold បានមានប្រសាសន៍ថា “ជនមាន ពិការភាពតែងមានបញ្ហាជាច្រើនស្រាប់ហើយ ហើយជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ ធ្វើឲ្យបញ្ហាពួកគេកាន់តែយ៉ាប់ទៅទៀត ។ ហេតុនេះហើយ ទើប រដ្ឋាភិបាលអូស្ត្រាលី ទុកពួកគេជាចម្បងសម្រាប់ជំនួយសង្គ្រោះទឹកជំនន់របស់យើង”។

សូមបញ្ជាក់ថាថ្មីៗនេះ កម្ពុជាបានជួបគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀងធ្វើប៉ះពាល់ជាច្រើនម៉ឺនគ្រួសារ ហើយប្រមុខរាជរដ្ឋាភិបាលក៏បានចាត់មន្រ្តីចុះចែកអំណោយជាបន្តបន្ទាប់ ។ចំពោះសប្បុរសជនផ្សេងៗទៀតក៏មានសកម្មភាពចុះចែកអំណោយដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top