ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបានស្ថិរភាព សេដ្ឋកិច្ចនិងសង្គម ក្នុងពេលវិបត្តិកូវីដ១៩

ភ្នំពេញ៖ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានថ្លែងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវស្ថិរភាព សេដ្ឋកិច្ច និងសង្គម ក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ១៩ នៅលើពិភពលោក ។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម ដើម្បីពិភាក្សា អំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩។

ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីទាំងពីរ បានសម្តែងនូវការពេញចិត្ត លើការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ឱ្យ កាន់តែទូលំទូលាយ និងស៊ីជម្រៅ ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសិ្ថរភាពយូរអង្វែង។

នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់នូវសារសំខាន់ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ។ ក្នុងគោលបំណងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាព ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័ននានា និងអាជ្ញាធរថ្នាក់ខេត្ត នៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យបានជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជន ក៏ដូចជាលើកកម្ពស់ ការអនុវត្តវិធានការបង្ការ ដើម្បីដោះស្រាយបញ្ហានានា នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ដែលអាចកើតឡើងជាយថា ហេតុឱ្យបានទាន់ពេលវេលា។ ថ្នាក់ដឹកនាំទាំងពីរក៏បានអះអាង សាជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការពារជាតិ និងសន្តិសុខ ក្នុងទិសដៅធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។

ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយ ពេញចិត្តដែលកម្ពុជា និងវៀតណាម បានគ្រប់គ្រង ការឆ្លងរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយជោគជ័យ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលវៀតណាមដែល បានផ្តល់គ្រឿងបរិក្ខារពេទ្យដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានសម្របសម្រួល ឲ្យនិស្សិតកម្ពុជារាប់រយនាក់ បានត្រឡប់ទៅសិក្សា នៅប្រទេសវៀតណាមវិញ។ នាយករដ្ឋមន្ត្រីវៀតណាម បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវស្ថិរភាព សេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេល រីករាលដាល នៃជំងឺរាតត្បាតក្នុងពិភពលោក ។

នាយករដ្ឋមន្រ្តីទាំងពីរ បានអបអរសារទរចំពោះការផ្តល់ សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមលើ សន្ធិសញ្ញាកំណត់ព្រំដែន រដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ព្រមទាំងលើពិធីសារ ទទួលស្គាល់ការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានគូសបញ្ជាក់ នូវសារសំខាន់ នៃការផ្លាស់ប្តូរផែនទីឋានលេខា ព្រំដែនរវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរបានឯកភាពពន្លឿន នីតិវិធីដើម្បីផ្លាស់ប្តូរលិខិតតូបករណ៍ នៃការផ្តល់សច្ចាប័ន លើសន្ធិសញ្ញា បំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយ កំណាត់ខ្សែព្រំដែន ដែលនៅសេសសល់ចំនួន១៦% ក្នុងគោលបំណងប្រែក្លាយ ព្រំដែនកម្ពុជា-វៀតណាមជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌតំបន់ និងពហុភាគី ដូចជា អនុតំបន់មេគង្គ អាស៊ាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងអង្គការសហប្រជាជាតិ។ កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូត្រូវបាន ធ្វើឡើងក្នុងបរិយាកាសស្និទ្ធសា្នលបំផុត ឆ្លុះបញ្ចាំងពីសាមគ្គីភាពជាភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ៕

ដោយ៖ ខា ដា

To Top