ព័ត៌មានជាតិ

គ.ជ.ប គ្រោងរៀបចំការបោះឆ្នោត តាមអនឡាញ នៅឆ្នាំ២០២១ ដើម្បីជាការសាកល្បង

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា​គ.ជ.ប គ្រោងរៀបចំការបោះឆ្នោតតាមអនឡាញ (Online) នៅឆ្នាំ២០២១ដើម្បីជាការសាកល្បង មុននឹងឈានទៅធ្វើការអនុវត្តជាក់ស្តែង សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនាឆ្នាំ២០២៣។

ការអោយដឹងបែបនេះ ធ្វើឡើងនៅក្នុង ជំនួបរវាងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និង លោកស្រី ហារូកូ កាម៉ី(Haruko Kamei) ប្រធានភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន ហៅកាត់ JICA ដែលទើបតែងតាំងថ្មី ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ របស់ គ.ជ.បបានឱ្យដឹងថា នៅឆ្នាំ២០២១ខាងមុខនេះ គ.ជ.ប គ្រោងរៀបចំការបោះឆ្នោត សាកល្បងមួយតាមប្រព័ន្ធអនឡាញ ដោយប្រើការគ្រប់គ្រង ព័ត៌មានតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន វិទ្យា ទៅលើការចុះបញ្ជីបេក្ខជន និងគណបក្សនយោបាយ និងការបញ្ជូនលទ្ធផល ការបោះឆ្នោត ពីគ្រប់ការិយាល័យបោះឆ្នោត ដែលមានជាង២ម៉ឺន នៅទូទាំងប្រទេស។ ទោះជាយ៉ាងនេះក្តី ការរៀបចំការបោះឆ្នោតបែបនេះ ត្រូវការនូវសម្ភារ បច្ចេកទេស និងអ្នកជំនាញការជាច្រើន សម្រាប់ជួយដល់កិច្ចការនេះ។

ជាមួយគ្នានេះ គ.ជ.ប ក៏បានដាក់សំណើមួយ ទៅកាន់ប្រទេសជប៉ុន តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ហៅកាត់ថា CDC និង JICA កាលពីខែសីហា ឆ្នាំ២០២០ ដើម្បីផ្តល់នូវជំនួយជាសម្ភារបច្ចេកទេស មានដូចជា កុំព្យូទ័រយួរដៃចំនួន២.០០០គ្រឿង យូអេសប៊ី និងសម្ភារដែលបម្រើការបោះឆ្នោតផ្សេងទៀត សម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនាឆ្នាំ២០២៣។

បើតាមការអះអាង របស់លោក ឌឹម សុវណ្ណារុំ គឺសំណើនេះ ត្រូវបានភាគីជប៉ុនទទួលយកហើយ ដោយភាគីជប៉ុន ចាប់អារម្មណ៍ខ្លាំងទៅលើការរៀបចំ ការបោះឆ្នោត ដែលគ.ជ.ប គ្រោងធ្វើតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានវិទ្យានាឆ្នាំខាងមុខ។

យោងតាមរបាយការណ៍ របស់ គ.ជ.ប បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន ភាគីជប៉ុនបានជួយទាំងបច្ចេកទេស និងសម្ភារ ព្រមទាំងអ្នកជំនាញការផ្នែកច្បាប់ សម្រាប់ជួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។ សម្ភារ និងបរិក្ខារទាំងនោះ រួមមាន៖ ស៊ើវើ(Server)សម្រាប់ផ្ទុកទិន្នន័យអ្នកបោះឆ្នោត រថយន្តភីកអាប់(Pickup)ចំនួន៤០គ្រឿង សម្រាប់បម្រើឱ្យការ ដឹកជញ្ជូនសម្ភារនិងបរិក្ខារបោះឆ្នោត ហិបឆ្នោតចំនួនជាង១ម៉ឺន និងសម្ភារសម្រាប់ ការិយាល័យមួយចំនួនទៀត៕


To Top