ព័ត៌មានជាតិ

ប្រធានកាកបាទក្រហមកម្ពុជា ៖ បើពលរដ្ឋធ្វេសប្រហែសតែបន្តិច ការរីករាលដាល មេរោគអេដស៍ នឹងអាចផ្ទុះឡើង

ភ្នំពេញ ៖ ក្រោយពីកម្ពុជា សម្រេចបាននូវភាពជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋមានការ ធ្វេសប្រហែសតែបន្តិច ដោយប្រការណាមួយ ការរីករាលដាល នៃមេរោគអេដស៍ នឹងអាចផ្ទុះឡើង ជាមិនខានឡើយ។

តាមរយៈ សារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ ធ្នូ ២០២០ ក្រោមប្រធានបទ «សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា» ដែលចេញផ្សាយនាពេលថ្មីៗនេះ បានឋឲ្យដឹង ថា «ថ្វីត្បិតព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវជោគជ័យ ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ស្ថានភាពជោគជ័យរប ស់យើងនៅផុយស្រួយនៅឡើយ ព្រោះថា យើងអាចភ្លេចអេដស៍ តែអេដស៍ពុំ ភ្លេចយើងឡើយ» ។

សម្ដេចបន្ដថា «បើយើងធ្វេសប្រហែសតែបន្តិច ដោយប្រការណាមួយនោះ ការរីករាលដាលមេរោគអេដស៍នឹងអាចផ្ទុះ ឡើងជាមិនខានឡើយ ជាពិសេសយើង មានការព្រួយបារម្ភ ក្នុងចំណោម ក្រុមបុរសរួមភេទ ជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់ និងចាក់គ្រឿងញៀន ក្រុមស្ត្រីបម្រើការងារ ក្នុងគ្រឹះស្ថានកម្សាន្តសប្បាយ មនុស្សពេញវ័យ ក្រុមយុវវ័យ ក្រុមប្រជាជន ចំណាកស្រុកជាដើម»។

បន្ថែមពីនេះទៀត សម្ដេចក៏បានអំពាវនាវ ដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការ យុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ លើកទី៥ ឆ្នាំ ២០១៩-២០២៣ រួមជាមួយនឹងការលើកកម្ពស់ ការអនុវត្តវិធានការជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្តីពី ការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩នេះ។

សូមរំលឹកថា នៅកម្ពុជាមានអ្នកផ្ទុក មេរោគអេដស៍ប្រមាណ១២ ០០០នាក់ នៅមិនទាន់បានត្រលប់ មកធ្វើតេស្តឈាម ដើម្បីបញ្ជាក់ពិតប្រាកដអំពីស្ថានភាព មេរោគអេដស៍នៅក្នុងខ្លួននោះទេ ។ ចំណែកអ្នកជំងឺអេដស៍មួយចំនួនទៀតបាន និងកំពុង លះបង់ការព្យាបាលឡើងវិញ៕

ដោយ ៖ អេង ប៊ូឆេង

To Top