ព័ត៌មានជាតិ

វិទ្យុបារាំងអន្តរជាតិ ផ្អាកផ្សាយមួយរយៈ ដោយអាគារកាយ៉ាឌីយ៉ា បិទជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញ ករណីកូវីដ-១៩

ភ្នំពេញ ៖ វិទ្យុបារាំងអន្តរជាតិ RFI ដែលមានទីតាំងនៅអាគារកាយ៉ាឌីយ៉ា ត្រូវអាក់ខានការផ្សាយរបស់ខ្លួនមួយរយៈ ចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ តទៅ ដោយសារអាជ្ញាធរ ប្រកាសបិទអាគារ កាយ៉ាឌីបណ្តោះអាសន្ន បន្ទាប់ពីរកឃើញករណីជំងឺកូវីដ-១៩ម្នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី៣ ធ្នូ បានឲ្យដឹងថា «សូមជម្រាបជូនលោកអ្នកស្តាប់ ថា ការផ្សាយរបស់វិទ្យុយើង (វិទ្យុបារាំងអន្តរជាតិ) ចាប់ពីពេលនេះតទៅត្រូវអាក់ខាន ដោយហេតុថា ការិយាល័យយើងខ្ញុំ មានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ា ។ អគារកាណាឌីយ៉ា ដែលត្រូវអាជ្ញាធរប្រកាសបិទជា បណ្ដោះអាសន្នបន្ទាប់ពី រកឃើញករណីវិជ្ជមានកូវីដ-១៩ លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិន នៃអគារកាណាឌីយ៉ានេះ»។

ជាងនេះទៅទៀត វិទ្យុបារាំងអន្តរជាតិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយោគយល់របស់លោកអ្នក ។ ចំពោះការវិលត្រឡប់មកផ្សាយដូចធម្មតាវិញ វិទ្យុនឹងជូនដំណឹងដល់ លោកអ្នកនាពេលក្រោយទៀត ។

សូមជម្រាបថា តាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួងសុខាភិបាល សម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ-១៩៕

To Top