កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំ ក្រុមការងារមន្ត្រីជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យគម្រោងជួសជុលឡើងវិញ ផ្លូវក្រាលកៅស៊ូAC ចំនួន៣ខ្សែក្នុងក្រុងកំពង់ចាម ដែលមានប្រវែងជិត ៣,០០០ ម៉ែត្រ ។
លោក ណន សុខនី នាយកអង្គភាព លទ្ធកម្ម រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវដែលត្រូវស្ថាបនាឡើងវិញ មានចំនួន ៣ខ្សែនេះ ជាគម្រោងរបស់រដ្ឋបាល ខេត្តកំពង់ចាម ឆ្នាំ២០២០ ក្នុងនោះ ខ្សែទី១ (ផ្លូវលេខ៧ ចាស់)ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី ភូមិទីបឹងស្នាយ សង្កាត់សំបួរមាស ដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ក្រុងកំពង់ចាម ។ ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង៧៧១ ម៉ែត្រ ទទឹង៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦សង្កាត់វាលវង់ ក្រុងកំពង់ចាម ។



