ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា គ្រប់គ្រងបានហើយ តែមិនទាន់អាចបញ្ចប់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គ្រប់គ្រងបានហើយ តែមិនទាន់អាចបញ្ចប់ នៅឡើយ ដូច្នេះទាមទារឲ្យប្រជាពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូរីដ-១៩ ក្នុងសហគមន៍ឲ្យទទួលបានជោគជ័យ។

ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយមានកិច្ចខិតខំប្រឹងប្រែងពី អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ធ្វើឲ្យព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវគ្រប់គ្រងបាន ប៉ុន្ដែមិនអាចបញ្ចប់ទេ ដោយត្រូវ រុករកបន្តទៀត ដោយសារតែ អ្នកជំងឺគាត់បានទៅកន្លែងផ្សេងគ្នា។

សម្ដេចតេជោ មានប្រសាសន៍ថា «ព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា ត្រូវបានគ្រប់គ្រងបានហើយ ក៏ប៉ុន្តែមិនទាន់អាចបញ្ចប់បានទេ ដោយមូល ហេតុ៥យ៉ាងដូចតទៅ ។ ទី១ យើងនៅមិនទាន់បានដឹង អស់នៅឡើយទេថា តើនៅមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺកូវីដ-១៩បានទៅដល់ ដែលយើងរកមិនឃើញ គាត់មិនព្រមប្រាប់ ឬភ្លេចកន្លែងដែលគាត់ បានទៅដល់រយៈពេល ១៤ថ្ងៃ មុនថ្ងៃដែលគាត់រកឃើញមានចម្លង»។

សម្ដេចតេជោបន្ដថា «នេះជាចំណុចសំខាន់ណាស់ កន្លងទៅយើងឃើញតែវិលវល់ក្នុងភ្នំពេញ ហើយឃើញតែហាង ២តែប៉ុណ្ណោះដែលឃើញចម្លងច្រើន និងជុំវិញក្រុមគ្រួសារ លោក ឆែម សាវុធ និងអ្នក ពាក់ព័ន្ធលោក ឆែម សាវុធ ប៉ុន្តែយើងមិន ត្រូវភ្លេចថា ក្រែងលោវាកើតនៅកន្លែងដែលយើងរកមិនទាន់ឃើញ។ ខ្ញុំនៅតែបន្ត អំពាវនាវឲ្យ ក្រសួងសុខាភិបាល បន្តរយៈពេលនៃការស៊ូដើរស្វែងរករយៈ១៤ថ្ងៃទៅមុខ»។

ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានជំរុញឲ្យក្រសួងសុខាភិបាល បន្តធ្វើការស្រាវជ្រាវបញ្ហាកូវីដ-១៩ក្នុងរយៈពេល១៤ថ្ងៃមុន និងរយៈពេល ១៤ថ្ងៃក្រោយទៀត ចំពោះអ្នកដែលរកឃើញកូវីដ-១៩ថ្មី។សម្តេចក៏បានអរគុណចំពោះអ្នកដែលហ៊ានចេញមុខថា ខ្លួនបានឆ្លងជំងឺកូវីដ-១៩ ដែលចំណុច នេះបានធ្វើឲ្យគេដឹង និងការពារ។ ប៉ុន្តែក៏មានមនុស្សមួយចំនួនមិនហ៊ានចេញមុខនោះទេ ព្រោះខ្លាចខ្មាស់គេ ដោយធ្វើចត្តាឡីស័កនៅក្នុងផ្ទះ។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំស្នើដល់ក្រសួង សុខាភិបាលថា ទោះបីជាមានការស្នើពីមិត្តភក្តិបរទេស ក្តីតែខ្ញុំសូមឲ្យបន្តនូវការរុករករយៈពេល១៤ថ្ងៃទៅខាងមុន និង១៤ថ្ងៃទៅខាងក្រោយ នៅពេលរកឃើញអ្នកណាម្នាក់ឆ្លងកូវីដ១៩ យើងត្រូវ រុករកនៅកន្លែងដែលរកឃើញភ្លាម»។

ក្រោយមានការរិះគន់ខ្លះចំពោះសម្តេចតេជោ ហ៊ុន សែន បង្ហាញអត្តសញ្ញាណអ្នកដែលឆ្លងជំងឺកូវីដ-១៩ សម្ដេចក៏ទទួលស្គាល់កំហុសផងដែរ។ ទាក់ទងនឹងបញ្ហានេះ សម្តេចពន្យល់ថា ការបញ្ចេញឈ្មោះ រូបថត មួយរយៈពេលខ្លីនេះ ដើម្បីឲ្យគេដឹងថា ពាក់ព័ន្ធនឹងការស្វែងរក និងងាយស្រួលគ្រូពេទ្យទៅរក។ ប៉ុន្តែពេលនេះសម្តេច សម្រេចឲ្យដករូប និងឈ្មោះវិញហើយ ដើម្បីកុំឲ្យមានប៉ះពាល់សិទ្ធិបុគ្គល។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកជំងឺកូវីដ-១៩ចំនួន ៣៦២នាក់ ក្នុងនោះ ចំនួន៣១២នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងចំនួន៥០នាក់ កំពុងសម្រាកព្យាបាលជំងឺ។ដោយឡែក អ្នកឆ្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានចំនួន ៤១នាក់ ក្នុងនោះ ចំនួន៣នាក់ ជាសះស្បើយ៕

To Top