ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ៖ គម្រោងសិក្សាពង្រីកកំពង់ផែ កុងតឺន័រជម្រៅ១៧ម៉ែត្រ នៅព្រះសីហនុ សំដៅដោះស្រាយកំណើន នៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសិ ក្សាពង្រីកកំពង់ផែកុងតឺន័រ ជម្រៅ១៤,៥ម៉ែត្រ និង១៧ម៉ែត្រ នៅខេត្តព្រះសីហនុ ដែលអាចឲ្យនាវាខ្នាតធំអាចចូលចត បាន សំដៅដោះស្រាយកំណើន នៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក។

ក្នុងពិធីអញ្ជើញធ្វើបាឋកថា តាមអនឡាញ (Online) ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «គម្រោងសិក្សាលើ ការពង្រីកកំពង់ផែកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ និង១៧ម៉ែត្រនៅខេត្តព្រះសីហនុ ដែលអាចឲ្យនាវាខ្នាតធំអាចចូលចត បាន សំដៅដោះស្រាយកំណើននៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកជាលំដាប់ ពីមួយឆ្នាំ ទៅមួយឆ្នាំ»។

លោកបន្ដថា ការអភិវឌ្ឍផែនការមេប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ ដើម្បីថែរក្សាអនាម័យ និងសោភ័ណភា ពទីក្រុងទេសចរណ៍មួយនេះ ឲ្យកាន់តែប្រសើរឡើង និងទាក់ទាញវិនិយោគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យ ចូលមកបណ្ដាក់ទុន និងទស្សនាខេត្តនេះឲ្យកាន់តែច្រើនថែមទៀត។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីក្រសួងសាធារណការ ក៏បានលើកឡើងថា ក្រសួងបានទិញគ្រឿងចក្រទំនើបៗ ដែលមិនធ្លាប់មានជូនមន្ទីររាជធានី-ខេត្តទាំង២៥ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសាងសង់ថែមទៀត ព្រោះថា ក្រសួង មិនទទួលយកផ្លូវធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងទៀតឡើយ ពោលគឺត្រូវធ្វើផ្លូវឲ្យមានគុណភាពតាមស្តង់ដាបច្ចេកទេស និងសៀវភៅបន្ទុក។

លោករដ្ឋមន្ដ្រី បន្ថែមថា ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការអភិវឌ្ឍផែនការមេភ័ស្តុភារកម្មកម្ពុជា ដើម្បីជំរុញ និងលើកកម្ពស់ការប្រកួតប្រជែងវិស័យភ័ស្តុភារកម្មនៅក្នុងតំបន់ និងពិភពលោក ដោយហេតុថា៖ កម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផល ឋិតនៅចំចំណុចកណ្ដាលនៃប្រទេសក្នុងតំបន់អាស៊ាន។ ជាងនេះទៀត បច្ចុប្បន្នក្រសួងត្រៀមនឹងចុះកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន YCH ដើម្បីបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្ម ភ្នំពេញសម្រាប់ជំហានទី១ និងជំហានបន្ទាប់នៅខេត្តព្រះសីហនុ។

ទាក់ទងនឹងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ លោករដ្ឋមន្ដ្រីក្រសួងសាធារណការ ក៏បានបញ្ជាក់ថា ក្រសួងបានរៀបចំជញ្ជីងអចល័ត ជញ្ជីងចល័ត និងជញ្ជីងស្វ័យប្រវត្តិ ( Weight in Motion Sensor ) ដើម្បីទប់ស្កាត់កា រដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលនាំឱ្យផ្លូវឆាប់ខូចខាតមុនអាយុកាល និងបានធ្វើយុទ្ធនាការដើម្បីទប់ ស្កាត់គ្រោះថ្នាក់ចរាចរណ៍ តាមរយៈការចែកមួកសុវត្ថិភាព បិទចំណាំងផ្លាត និងការផលិតខ្សែវីដេអូអប់រំខ្លីៗ។

ទាក់ទងនឹងវិស័យដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រសួងបានប្រើប្រាស់យន្តការព័ត៌មានវិទ្យា ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈដូចជា ៖ ការចុះបញ្ជីយានជំនិះ ការប្ដូរនិងពន្យារបណ្ណបើកបរ ការស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងការប្រឡងយកបណ្ណបើកបរតាមអនឡាញ ក៏ដូចជា បង្កើតកម្មវិធីព័ត៌មានវិទ្យានានា ឱ្យស្របតាមការរីកចម្រើនផ្នែកព័ត៌មានវិទ្យារបស់សកលលោក។

ឆ្លៀតឱកាសនោះដែរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឲ្យដឹងទៀ តថា ក្រសួងនឹងដាក់ឲ្យដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៅពេលដ៏ខ្លីខាងមុខ ដើម្បីបង្កើតថ្នាលបណ្ដុះបណ្ដាលចំណេះដឹងផ្នែកបច្ចេកទេសសាងសង់ផ្លូវ-ស្ពាន ដល់អ្នកជំនាន់ក្រោយឲ្យមានសមត្ថភាពពេញលេញ និងអាចកសាងស្ពានឆ្លងទន្លេ មេគង្គបានដោយកម្ពុជាខ្លួនឯង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top