ភ្នំពេញ៖ ប្រទេសកម្ពុជា បានជាប់ចំណាក់ថ្នាក់លេខ១ លើពិភពលោក ក្នុងការ ប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ក្រសួង ទេសចរណ៍ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្កាល់ បានចុះផ្សាយរបាយការណ៍ ស្ដីពីការផ្ដល់ចំណាត់ថ្នាក់ ដល់ប្រទេសដែលគ្រប់គ្រងកូវីដ-១៩ បានល្អបំផុតនៅលើពិភពលោក ក្នុងនោះ កម្ពុជាឈរនៅចំណាក់ថ្នាក់លេខ៣ បន្ទាប់ពី Saint Kitts និងNevis ដែលជារដ្ឋតូចនៃតំបន់ការ៉ាអ៊ីប និងស៊ីស្សែល។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា «កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ការិយាល័យសេដ្ឋកិច្ចសេណេ ហ្កាលដដែលបានចុះផ្សាយ របាយការណ៍របស់ខ្លួនជាថ្មីថា កម្ពុជាបានជាប់ចំណាក់ថ្នាក់លេខ១ លើពិភពលោក ក្នុងការ ប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមាន ពិន្ទុ ១/១ (១ជាពិន្ទុខ្ពស់បំផុតនៃការធ្វើចំណាត់ ថ្នាក់) ក្នុងចំណោម ១៦៦ប្រទេសជុំវិញពិភពលោក បន្ទាប់មក គឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប៊្រុយណេ ដែលមានពិន្ទុ ០,៩៩»។
ក្រសួងបន្ដថា ដោយមានការគ្រប់គ្រងយ៉ាងល្អ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានក្លាយជា ប្រទេសមួយក្នុងចំណោមប្រទេសដែល មានសុវត្ថិភាពបំផុតក្នុងការ មកទស្សនាទោះបីនៅក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។ ចំណាត់ថ្នាក់នេះ ជាមោទនភាពជាតិ មួយផ្សេងទៀតរបស់ប្រទេសកម្ពុជា និងជាឱកាស ដ៏ល្អក្នុងការផ្សព្វផ្សាយ «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ» ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅគ្រប់កាលៈទេសៈទាំងអស់។
សូមរំលឹកថា គិតមកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៩៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៣៧៦នាក់ និងអ្នក សម្រាកនៅមន្ទីរពេទ្យចំនួន២២នាក់ ៕