ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញ បើកកិច្ចប្រជុំស្ដីពី បច្ចុប្បន្នភាព នៃកិច្ចសហប្រតិបត្តិការ បោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោមទឹក នៅខេត្តកំពង់ចាម

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួង បានអញ្ជើញបើកកិច្ចប្រជុំស្ដីពី បច្ចុប្បន្នភាព នៃកិច្ចសហប្រតិបត្តិការ បោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានការចូលរួមពីរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ នៃក្រសួងការពារជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ ស្ដីពីកិច្ចប្រតិបត្តិការរុករកនាវាលិច និងបោសសំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ ស្ថិតនៅក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឲ្យដឹងថា កិច្ចប្រតិបត្តិការរយៈពេល៣ខែកន្លងមក កម្លាំងជំនាញ បានធ្វើការបោសសំអាតគ្រាប់ក្រោមទឹក និងនៅតាមភូមិឋានប្រជាពលរដ្ឋ រស់នៅជុំវិញតំបន់ប្រតិបត្តិការ បានចំនួនសរុប៩១២គ្រាប់។

ជាងនេះទៅទៀត គ្រាប់ទាំងនេះត្រូវបាន ស្ដុកទុកនៅទីតាំងសុវត្ថិភាពឆ្ងាយពីទីប្រជុំជន នៅជាប់មាត់ទន្លេ និងមានការ យាមការពារ ២៤លើ២៤ម៉ោង។កិច្ចប្រតិបត្តិការនេះ នឹងត្រូវខិតខំប្រឹងប្រែង រិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យទទួលបានជោគជ័យទាំងស្រុង នាដើមខែឧសភា ខាងមុខនេះ គឺមុនរដូវវស្សាមកដល់៕

To Top