ព័ត៌មានជាតិ

លោកសយ សុភាព ៖ ក្រោយរួចផុត ពីដៃមច្ចុរាជ បឹងតាមោក នឹងជួយអភិបាល ប្រជារាស្រ្ត នៅភ្នំពេញ ឱ្យចៀសផុត ពីជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានដកហូតផ្ទៃដីបឹងតាមោក ២០ហិកតា បន្ថែមទៀត ពីឯកជន មកទុកជាសម្បត្តិរដ្ឋវិញ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានលើកឡើងថា ក្រោយរួចផុតពីកណ្ដាប់ដៃមច្ចុរាជ បឹងតាមោក នឹងជួយអភិបាលប្រជារាស្រ្ត នៅភ្នំពេញឱ្យចៀសផុតពីជំនន់ទឹកភ្លៀង និងការពារសម្រស់រាជធានី មិនចាញ់រាជធានី នៃប្រទេសផ្សេងទៀតឡើយ ។

ជាមួយគ្នានោះលោក សយ សុភាព បានលើកដៃប្រណមសំពះ ដល់ទេវតា ដែលបានជួយសង្រោះ បឹង តាមោក ឲ្យរួចផុតពីកណ្តាប់ដៃមច្ចុរាជ ដែលរង់ចាំតែរកឱកាស សម្លាប់បឹងតាមោក ជាបន្តបន្ទាប់នោះ។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២១នេះ លោក សយ សុភាព បានលើកឡើងថា “ទេវតា ពិតជាបានជួយ មែន ដោយ សម្តេច នាយករដ្ឋមន្ត្រី ដកហូតយកផ្ទៃបឹងតាមោក ពីក្រុមហ៊ុន ឯកជន ចំនួន ២០ ហិកតា ថែមទៀត ។ ខ្ញុំ លើកដៃប្រណមសំពះទេវតា ដែលបានជួយសង្រ្គោះ បឹង តាមោក ពីកណ្តាប់ដៃមច្ចុរាជ ដែលចាំតែរកឱកាស សម្លាប់បឹងតាមោក ។ ដូច្នេះបឹងតាមោក នឹងជួយអភិបាល ប្រជារាស្រ្តនៅភ្នំពេញ ឱ្យជៀសផុតពីជំនន់ទឹកភ្លៀង និង ការពារ សម្រស់រាជធានី មិនចាញ់រាជធានី នៃប្រទេសផ្សេងទៀតឡើយ” ។

សូមរំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសម្រេចដកហូតផ្ទៃដីបឹងតាមោក ចំនួន ២០ហិកតា ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ។ចំណែក កាលពីថ្ងៃទី៤ មករាកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលក៏បានសម្រេចនិរាករណ៍សជណមួយចំនួន ដើម្បីដកហូតផ្ទៃបឹង តាមោកត្រឡប់មកវិញ និងដោះដូរអគារក្រសួង ស្ថាប័នមួយចំនួន ។

សូមបញ្ជាក់ថា បឹងតាមោក ឬ បឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមាន ទីតាំងនៅភាគខាងលិចឈៀងខាងជើង តាមបណ្តោយមហាវិថី ឈ្នះ-ឈ្នះ និងមានទំហំ សរុប ចំនួន ៣.២ពាន់ ហិកតា លាតសន្ធឹងលើខណ្ឌចំនួន២ សង្កាត់ចំនួន៦ និង ភូមិចំនួន ២៥។ បច្ចុប្បន្ន នេះ ផ្ទៃបឹងទំហំជាង ៥០០ហិកតា ហើយត្រូវបានកាត់ ទៅឲ្យស្ថាប័នរដ្ឋ និងឯកជន ធ្វើជាកម្មសិទ្ធិ ៕

To Top