ព័ត៌មានជាតិ

អ្នកនាំពាក្យ សាលាខេត្តព្រះសីហនុ បញ្ជាក់ថា ការទ ន្ទ្រានកាន់កាប់ដីរដ្ឋ មិនមែនជាទំនាស់ដីធ្លី

ភ្នំពេញ ៖ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានថ្លែងថា ការទៅទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ មិនមែនជាទំនាស់ដីធ្លីនោះទេ តែបើមានគូភាគី ទៅទាស់គ្នាលើដីរដ្ឋនោះ គឺខុសច្បាប់។

លោកថា ជាមួយគ្នានោះរដ្ឋអំណាច នឹងដកហូតយកដីមកវិញ ហើយផ្ដន្ទាទោសចំពោះគូភាគី ដែលទន្ទ្រានយកដីរដ្ឋ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ លោក ឃាង ភារម្យ បានមានប្រសាសន៍ថា កន្លងមកសំណុំរឿងទំនាស់ដីធ្លី នៅក្នុងខេត្តព្រះសីហនុ ដែលកំពុងតែស្រាវជ្រាវ និងដោះស្រាយ សម្របសម្រួលបន្តមានចំនួន ៨៨៦ករណី គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ ។

លោកបន្តថា ក្នុងនោះបានដោះស្រាយសម្របសម្រួល ដោយរដ្ឋបាលខេត្តមាន ១៥ករណី បញ្ជូនទៅស្ថាប័នពាក់ព័ន្ធចំនួន ១០៧ករណី បានឆ្លើយតបទៅម្ចាស់សំណើមានចំនួន ២១០ករណី និងធ្វើរបាយការណ៍ទៅក្រសួងពាក់ព័ន្ធមាន ៦៣ករណី សរុបទាំងអស់មាន ៣៩៥ករណី ។

លោក ឃាង ភារម្យ បញ្ជាក់ថា «ខ្ញុំចង់ឲ្យលោកកំណត់និយមន័យឲ្យច្បាស់ ថាតើអ្វីជាទំនាស់ដីធ្លី? ចឹងមិនមែនថាការទៅ កាន់កាប់ ទៅរុករានទន្ទ្រានយកដីរដ្ឋ ជាទំនាស់ដីធ្លីទេ ។ កាលណាបើសិនជាគូភាគី ទៅទាស់គ្នាលើដីរបស់រដ្ឋ អាចជាដីព្រៃ ដីអភិរក្ស និងដីផ្សេងៗនោះ គឺគូភាគីទាំងពីរនោះខុសច្បាប់ដូចគ្នា រដ្ឋអំណាចរបស់យើង នឹងដកហូតយកដី ហើយក៏ត្រូវផ្ដន្ទាទោសអ្នកដែល ទៅទន្ទ្រានយកដីធ្លីរបស់រដ្ឋ» ។

ជាមួយគ្នានោះដែរ បើតាមលោក អ៊ី សុខឡេង អភិបាលករុងព្រះសីហនុ បានឲ្យដឹងថា ក្រុងទទួលពាក្យបណ្ដឹងវិវាទដីធ្លី ពីប្រជាពលរដ្ឋចំនួន ២១បណ្ដឹង ក្នុងដោះស្រាយរួលរាល់ចំនួន ២០បណ្ដឹង និងនៅសល់១បណ្ដឹងទៀត កំពុងដោះស្រយបញ្ចប់ ។

លោកអភិបាលក្រុងបញ្ជាក់ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ គឺមានខេត្ត ក្រុង សង្កាត់ គ្រាន់តែជាអ្នកសម្របសម្រួល មិនមែនជាតុលាការនោះទេ ។ ទី១.ក្នុងករណីមានជម្លោះរវាងគូភាគី គឺអាជ្ញាធរខេត្ត ករុង សង្កាត់ ព្យាយាមដោះស្រាយជូនពួកគាត់ ដោយផ្អែកលើច្បាប់, ទី២.អាជ្ញាធរព្យាយាម ដោះស្រាយជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដីពិតប្រាកដ ៕

To Top