ព័ត៌មានជាតិ

ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានបើកកិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សា លើរបាយការណ៍ ហិរញ្ញវត្ថុ ឆ្នាំ២០២០ របស់បេឡាជាតិ សន្តិសុខសង្គម

ភ្នំពេញ៖ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល​ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានដំណើរការ នៃកិច្ចប្រជុំលើកទី៥ អាណត្តិទី១ របស់ខ្លួនក្នុងការពិនិត្យពិភាក្សា លើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២០ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បន្ទាប់ពីបានបើកកិច្ចប្រជុំ ពិភាក្សាចំនួន ៤លើក រួចមកហើយ និងបានសម្រេចអនុម័ត ទាក់ទងទៅនឹងរបៀបវារៈ មួយចំនួនដូចខាងក្រោម៖

  • អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃបេឡាជាតិសន្តិសុខសង្គម
    និងបទបញ្ជាផ្ទៃក្នុង របស់បេឡាជាតិសន្តិសុខសង្គម
  • សេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធី នៃការប្រជុំរបស់ក្រុមប្រឹក្សាភិបាល
    នៃបេឡាជាតិ សន្តិសុខសង្គម
  • អនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំង
    ឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារ ដោយរួមបញ្ចូលទាំង
    បុគ្គលិក ធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ
  • សេចក្តីសម្រេច ស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម
  • សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន។

សូមបញ្ជាក់ថា បើយោងតាមមាត្រា៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានចែងថា ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. មានបេសកកម្មដឹកនាំ តម្រង់ទិសការអនុវត្ត សកម្មភាពការងារ និងធ្វើការត្រួតពិនិត្យលើដំណើរការរបស់ ប.ស.ស. ដោយផ្តោតពិសេស លើការត្រួតពិនិត្យ និងអនុម័តផែនការ អភិវឌ្ឍរបស់ ប.ស.ស. ទាំងសម្រាប់រយៈពេលមធ្យម ទាំងសម្រាប់រយៈពេលវែង ក្នុងការអនុម័តគម្រោងថវិកា និងផែនការលទ្ធកម្មប្រចាំឆ្នាំរបស់ ប.ស.ស. ការត្រួតពិនិត្យ និងអនុម័តរបាយការណ៍ គ្រប់គ្រង ប.ស.ស. និងការត្រួតពិនិត្យ និងអនុម័ត លើរបាយការណ៍ ហិរញ្ញវត្ថុជាដើម។

ក្រោមការចង្អុលបង្ហាញ និងតម្រង់ទិសលើការអនុវត្ត សកម្មភាពការងារ ពីសំណាក់ក្រុមប្រឹក្សាភិបាល តាំងពីដើមរហូតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម សម្រេចបាននូវលទ្ធផល ផ្លែផ្កាជាច្រើន ស្របទៅតាម គោលនយោបាយជាតិ គាំពារសង្គមកម្ពុជា ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត ពីសំណាក់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងប្រគល់ភារៈកិច្ចដល់ស្ថាប័នមួយនេះ ជាប្រតិបត្តិករតែមួយគត់ ក្នុងការផ្តល់សេវា របបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិតផងដែរ ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានស្នើដល់សមាជិកក្រុមប្រឹក្សា ភិបាលទាំងអស់ ត្រូវបន្តពិភាក្សា ឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីឱ្យច្បាប់ស្តីពី របបសន្តិសុខសង្គមនេះ កាន់តែមានលក្ខណៈល្អឡើង ធ្វើយ៉ាងណាឲ្យការអនុវត្ត តាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូន កម្មករនិយោជិត ប្រកបដោយចីរភាព ។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននឹងកំពុងអនុវត្ត របបសន្តិសុខសង្គមចំនួន២ គឺ៖
(ក) របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ) ចាប់ផ្តើមអនុវត្ត នៅក្នុងឆ្នាំ២០០៨ (ខ) របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ចាប់ផ្តើមអនុវត្ត នៅក្នុងឆ្នាំ២០១៦ ហើយនៅពេលដ៏ខ្លី ខាងមុខនេះ ប.ស.ស. នឹងដាក់ឱ្យដំណើរការ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធនផងដែរ។ រហូតមកទាល់ពេលនេះ ប.ស.ស. មានសមាជិកសរុប ប្រមាណជាង ២លាន់នាក់ហើយ ដែលកំពុងប្រើប្រាស់សេវា និងទទួលបានអត្ថប្រយោជន៍ របបសន្តិសុខសង្គមពី ប.ស.ស. ។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹក នៅសាលប្រជុំ ក្រុមប្រឹក្សាភិបាល នៃទីស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញ ចូលរួមពីសំណាក់សមាជិក នៃក្រុមប្រឹក្សាភិបាល ចំនួន ១១ រូប ៕

To Top