ព័ត៌មានជាតិ

អាជ្ញាធរ ចាប់ផ្តើមលះមែកឈើធំៗនៅបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស

ភ្នំពេញ៖ អនុវត្តតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដឹកនាំដោយលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និង រុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បាននឹងកំពុងធ្វើសកម្មភាព កាត់និងលះមែកឈើដើមធំៗ នៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស ឬនៅលើសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ ។

ក្នុងសកម្មភាពនេះ លោក សំ សាមុត បានបញ្ជាក់ថា ដើមឈឺធំៗនៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួងនេះ មានចំនួន១០៥ដើម ហើយក្នុងចំនួននេះ មានដើមគ្រាប់បែក ឬដើមគីនីន ចំនួនជាង៤០ដើម ក្រៅនេះមានដើមគគី ឥន្ទនេល និងឈើទាល ។ ដើមឈើធំៗ និងចាស់ៗមានចំនួន៥០ដើម ដែលមានអាយុកាល រាប់រយឆ្នាំហើយ ។

លោកសំ សាមុត បន្តថា ចំពោះសកម្មភាពខាងលើនេះ ក្រុមការងារកាត់លះមែកឈើ ពិតជាមានការលំបាកខ្លះ ដោយសារតែត្រូវឡើងកាប់ មួយមែកម្តង ជាមួយនិងការចងខ្សែទម្លាក់ មកក្រោម មួយមែកម្តងៗផងដែរ ព្រោះតែខ្លាចខូចថ្នល់ និងការឺឡា។ ការងារនេះ នឹងប្រើប្រាស់ពេលវេលាយូបន្តិច ។ ដូច្នេះហើយលោកសូមការយោគយល់ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវឆ្លងកាត់ផ្លូវនេះ ។ ទោះបីជាយ៉ាងណាក្តី ក្រុមការងារនឹងសម្រុកធ្វើការងារនេះ ឲ្យបានរួចរាល់បានមុនគម្រោងដែលបានគ្រោងទុក។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាពដើមឈើ បីដើម ដែលត្រូវកាប់ចេញនោះ ដោយសម្រេចមិនឲ្យកាប់ នឹងតម្រូវកាត់ និងលះមែក ជាមួយនិងការធ្វើទម្រ ទប់ដើមផងដែរ ។ បន្ថែមពីលើនេះទៀត កាលពីថ្ងៃទី១៥មករា មកនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសេចក្តីជូនដំណឹង ជុំវិញការតាត់លះមែកឈើនេះផងដែរ ដោយក្រុមការងារ នឹងប្រើប្រាស់រយៈពេល១ខែ ។

យោងតាមសេចក្តីជូនដំណឹងនេះ ដើមឈើធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស មានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែកឈើស៊ុបទ្រុប ដែលធ្វើឱ្យដើម មិនអាចទ្រទ្រង់បាន រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការលះមែកឈើមួយចំនួនចេញ ព្រមទាំងបន្តថែទាំ និងរក្សាទុកដើមឈើ ធ្វើទម្រទប់ដើម ដោយចំណាយពេល អនុវត្តការងាររយៈពេល ០១ខែ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តទៅ។

ដើម្បីឲ្យការងារខាង លើប្រព្រឹត្តទៅដោយរលូន រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរ ឆ្លងកាត់ទីតាំងខាងលើ បើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើង ជាយថាហេតុ ព្រោះដោយសារក្រុមការងារ ត្រូវប្រើប្រាស់ ឧបករណ៍សម្រាប់ កាត់មែកឈើ និងរថយន្តធុនធំ ដែលអាចបង្ក ការកកស្ទះចរាចរណ៍៕

To Top