ព័ត៌មានជាតិ

មកដល់ថ្ងៃ២០ មករានេះ ស្ត្រី ជាសមាជិក ប.ស.ស. ម្នាក់ទៀតហើយ សម្រាលកូនភ្លោះ៣ ទទួលបានគោលរបប ប្រាក់ឧបត្ថម្ភបន្ថែម ១លាន២សែនរៀល ពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ប្រធានការិយាល័យ តាវកាលិក បានឲ្យដឹងថា ដោយអនុវត្ត តាមការណែនាំ ជាប្រចាំ ពីអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ត្រីបុគ្គលិក ក្នុងស្ថាប័នមួយនេះ បានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ ជូនដល់កម្មករនិយោជិក ជាសមាជិក ប.ស.ស. ។

បើគិតចាប់តាំងពីពេល ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ ជាសាធារណៈ ថែមទៀតស្តីពីការ សម្រេច ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់កម្មការិនី ដែលបានសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ រហូតមកដល់ពេលនេះ មានស្រី្ត សម្រារាលបានកូនភ្លោះ ៣ ដែលជាសមាជិក ប.ស.ស. ចំនួន ១៣នាក់ហើយ ទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។

គ្រាន់តែក្នុងខែដំបូង នៃឆ្នាំ២០២១ នេះ ស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ២នាក់ ហើយដែលសម្រាលបានកូនភ្លោះ៣ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ដែលប.ស.ស. បានផ្តល់ជូន។

ស្រ្តីសម្រាលបានកូនភ្លោះ៣ ម្នាក់ឈ្មោះ ហង្ស ចាន់ថា កំពុងសម្រាកព្យាបាល ក្រោយបានសម្រាលរួច នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ បានបង្ហាញអារម្មណ៍ពិត របស់គាត់ថា៖ រូបគាត់ពិតជាអរគុណបំផុត ចំពោះថ្នាក់ដឹកនាំកម្ពុជាដែលតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។

ក្នុងនោះក៏មានស្ត្រី ជាសមាជិក ប.ស.ស. ដូចរូបគាត់ដែលសម្រាលបានកូនភ្លោះ៣ ហើយថែមទាំងទទួលបាន ប្រាក់ឧបត្ថមបន្ថែម ពីរាជរដ្ឋាភិបាលចំនួន ១ ២០០ ០០០ រៀលភ្លាមៗ នឹងនៅមានប្រាក់បំណាច់ ប្រចាំថ្ងៃ ៧០% រួមទាំងអត្ថប្រយោជន៍ ប.ស.ស. ជាច្រើនទៀតផងដែរ។ ក្រៅពីនេះរាល់ថ្លៃសេវាពិនិត្យ និងថែទាំ តាំងពីពេលដែលគាត់ចាប់ផ្តើមមានផ្ទៃពោះ រហូតដល់ថ្ងៃសម្រាលនេះ គឺលោកស្រី មិនបានចំណាយ ប្រាក់ផ្ទាល់ខ្លួន នោះទេ គឺ ប.ស.ស. ជាអ្នកផ្តល់ជូនទាំងស្រុង។

លោកស្រីបន្តថា៖ លោកស្រីពិតជារីករាយ ពេញចិត្ត និងអរគុណយ៉ាងខ្លាំងបំផុត ដល់ ប.ស.ស. ពិសេសប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី បានបង្កើត ឱ្យមានរបបសន្តិសុខសង្គម មួយនេះឡើង ពិសេសសម្តេច តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូន កម្មករនិយោជិតតែម្តង។

ផ្ទាំងពាណិជ្ជកម្ម

គួររំលឹកថា គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកទាល់ពេលនេះ គឺមានរយៈពេលជាង ៣ឆ្នាំមកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ជាសាធារណៈ សម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់កម្មការិនីសមាជិក ប.ស.ស. ដែលបានសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ដែលក្នុងនោះ ៖

(១). សម្រាលបានកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល

(២). សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល

(៣). សម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២០ម៉ឺនរៀល ។

សូមបញ្ជាក់ថា សម្រាប់កម្មការិនីទាំងអស់ ដែលបម្រើការនៅតាម រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ខែសម្រាលកូន នឹងទទួលបាន ការឈប់សម្រាក ពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ ផ្សេងៗជាច្រើនទៀត ៕

To Top