ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ប្រាប់ក្រុមការងារ សាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ត្រូវតភ្ជាប់មុខតំណលូ ញី-ឈ្មោល ឱ្យត្រឹមត្រូវតាមបទដ្ឋាន បច្ចេកទេស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ក្រុមការងារបច្ចេក ទេសសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ត្រូវតភ្ជាប់មុខតំណលូញី-ឈ្មោល ត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស និងប្រើប្រាស់សម្ភារប្រកប ដោយគុណភាពខ្ពស់ ស្របតាមសៀវភៅបន្ទុក និងកិច្ចសន្យាសាងសង់។

ក្នុងកិច្ចប្រជុំក្រុមការងារ បច្ចេកទេសស្ដីពីការតភ្ជាប់ មុខតំណលូញី-ឈ្មោល បញ្ចូលគ្នា នៅក្នុងគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាប នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល កោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញ ការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ របស់អង្គភាពសាងសង់នីមួយៗ និងបានផ្ដាំផ្ញើឲ្យ ក្រុមការងារទទួលបន្ទុក និងមន្ត្រីបច្ចេកទេសទាំងអស់ បន្តសហការគ្នាឲ្យបានស្អិតរមួត ពិភាក្សារកចំណុចខ្លាំង និងចំណុចខ្សោយ ជាពិសេស រួមគ្នាពិភាក្សាស្វែង រកបច្ចេកទេសថ្មីៗ ដើម្បីឲ្យការសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូមានគុណភាពកាន់តែខ្ពស់។

លោកគូសបញ្ជាក់ថា «សារសំខាន់នៃការតភ្ជាប់មុខតំណលូញី-ឈ្មោលត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស និងការប្រើប្រាស់សម្ភារប្រកប ដោយគុណភាពខ្ពស់ស្របតាមសៀវភៅបន្ទុក និងកិច្ចសន្យាសាងសង់» ។

សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងគោលបំណង ស្ដាប់មន្ត្រីជំនាញធ្វើបទបង្ហាញពីបច្ចេកទេស តភ្ជាប់មុខតំណលូញី-ឈ្មោលបញ្ចូលគ្នា បញ្ហាប្រឈមនានា និងក៏ជាវេទិកាសួរដេញដោល ឬចូលរួមជាមតិយោបល់ទាក់ទង នឹងបច្ចេកទេសតភ្ជាប់មុខតំណលូញី-ឈ្មោលបញ្ចូលគ្នា សំដៅឲ្យការតភ្ជាប់មុខតំណងលូ ធ្វើឡើងត្រឹមត្រូវតាមបទដ្ឋាន បច្ចេកទេស ប្រកបដោយគុណភាពខ្ពស់ និងជាប់រឹងមាំបានល្អ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×