ព័ត៌មានជាតិ

ប.ស.ស. បញ្ជាក់ថា ស្រ្តីសម្រាលកូន​ ៦,៥៦៣នាក់ ទទួលប្រាក់ ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល

យោងតាមរបាយការណ៍ ពីការិយាល័យតាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា៖ ក្នុងខែមករា ឆ្នាំ២០២១នេះ មានស្រ្តីសម្រាលកូន ជាសមាជិក ប.ស.ស. ចំនួន ៦ ៥៦៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល ក្នុងនោះកម្មករនិយោជិត ក្នុងប្រព័ន្ធមានចំនួន ៦ ៥៤៩នាក់ និងក្រៅប្រព័ន្ធ មានចំនួន១៤នាក់ ។

ដោយអនុវត្តតាមការណែនាំ ជាប្រចាំពី លោក អ៊ុក សម្យវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទ​ទួលបន្ទុកជាអគ្គនាយក ប. ស. ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ត្រីបុគ្គលិកក្នុងស្ថាប័នមួយនេះ បានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ ជូនដល់កម្មករនិយោជិត ដែលជាសមាជិក ប.ស.ស.។

ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនកម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. ទាំងក្នុង និងក្រៅប្រពន្ធ ត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា៖ បងប្អូនកម្មការិនីទាំងអស់ ដែលបម្រើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទាន មកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ខែ សម្រាលកូន នឹងទទួលបាន ការឈប់សម្រាក ពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត៕

To Top