ព័ត៌មានជាតិ

ឆ្នាំ២០៣០ កម្ពុជា​ នឹងត្រូវការ៥ពាន់លានដុល្លារ សម្រាប់កាត់ បន្ថយប្រែប្រួលអាកាសធាតុ និង២ពាន់លានដុល្លារ សម្រាប់បន្ស៊ាំ នឹងប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ លោក ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឲ្យដឹងថា ត្រឹមឆ្នាំ២០៣០ កម្ពុជានឹងត្រូវការថវិកា ៥ពាន់លានដុល្លារ សម្រាប់សកម្មភាពកាត់ បន្ថយការប្រែប្រួលអាកាសធាតុ និងថវិកា២ពាន់លានដុល្លារ សម្រាប់សកម្មភាព បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីនីតិវិធីប្រតិបត្តិ របស់ស្ថាប័នជាតិទទួលបន្ទុកមូលនីធិប្រែប្រួលអាកាសធាតុ នាពេលថ្មីៗនេះ លោក ទិន ពន្លក បានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិតជាមិនអាចកាត់ផ្តាច់ចេញ ពីការគិតគូរដល់ការប្រែប្រួលអាកាសធាតុឡើយ។

លោកបន្ដថា ជាក់ស្តែង ការចំណាយរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ មានការកើនឡើងជាបន្ដ បន្ទាប់ពី ១,៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០១៨ ប្រមាណ១.៧៣០ពាន់លានរៀល ដល់២ភាគរយ នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០១៩ ប្រមាណ២.១៨១ពាន់លានរៀល។

លោកបញ្ជាក់យ៉ាងដូច្នេះថា «យ៉ាងណាក៏ដោយ តាមការសិក្សាឲ្យដឹងថា នៅត្រឹមឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងត្រូវការថវិកា ប្រមាណ៥ពាន់លានដុល្លារ សម្រាប់សកម្មភាពកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ និងថវិកាប្រមាណ ២ពាន់លានដុល្លារ សម្រាប់សកម្មភាពបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ។ ហេតុនេះ មូលនីធិអាកាសធាតុបៃ តងជាប្រភពហិរញ្ញវត្ថុដ៏សំខាន់ ដែលកម្ពុជាគប្បីពង្រឹងសមត្ថភាពខ្លួន ដើម្បីកៀរគរធនធានពីប្រភពមួយនេះ»

ឆ្លៀតឱកាសនោះ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកឡើងថា ក្រសួងកំពុងសម្របសម្រួលជាមួយ UNDP ក្នុងការរៀបចំសំណើគម្រោងដាក់ ជូនមូលនិធិអាកាសធាតុបៃតង ដែលជាគម្រោងពាក់ព័ន្ធ នឹងវិស័យថាមពល វិស័យយានយន្តអគ្គិសនី និងការគាំទ្រដល់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងស្នើឲ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្តល់ការគាំទ្រ និងចូលរួមក្នុងរៀបចំគម្រោងទាំងនេះ ៕

To Top