ព័ត៌មានជាតិ

ពីថ្ងៃ៣-៩មីនា តំបន់មួយចំនួន នឹងមានអាកាសធាតុក្តៅ ហើយភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣ដល់៩មីនា ឆ្នាំ២០២១ តំបន់មួយចំនួនរបស់កម្ពុជានឹងមានអាកាសធាតុក្តៅ ហើយមានភ្លៀងធ្លាក់ ផ្គរ រន្ទះផងដែរ ។ ក្នុងនោះក្រសួងឲ្យពលរដ្ឋយកទុកដាក់និងប្រុងប្រយ័ត្នចំពោះថ្ងៃ៣-៤មីនា ព្រោះនឹងមានបាតុភូតខ្យល់កន្ត្រាក់ដែលអាចកើតមាន ។

សេចក្តីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា កម្ពុជាបាននិងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយជាមួយ នឹងការបម្រែបម្រួលនៃទិសខ្យល់ ។ ទន្ទឹងនោះ ក៏ជាអន្តរកាលពីរដូវរំហើយមករដូវប្រាំង ដែលអាចបង្កឲ្យមានជាបាតុភូតកំណកក្នុងបរិយាកាស (CONDENSATION) នៅតាមតំបន់មួយចំនួន ។

ក្រសួងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ វាលទំនាប កណ្ដាលមានសីតុណ្ហភាពអប្បបរមាពី២៣-២៦អង្សាសេ និងសីតុណ្ហភាព អតិបរមាពី៣៣-៣៦អង្សាសេ ដោយមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ពិសេសនៅបណ្តា ខេត្តភាគពាយ័ព្យ ។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាព អប្បបរមាពី២៣-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦ អង្សារ ក៏មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំងដែរ ។

ដោយឡែក តំបន់មាត់សមុទ្រមានសីតុណ្ហភាព អប្បបរមាពី២៣-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣២-៣៥អង្សាសេ និងមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ៕

To Top