ព័ត៌មានជាតិ

សិស្សសាលាវិទ្យាល័យសំរោង ស្រុកសូទ្រនិគមជិត៥០នាក់ ដួលសន្លប់ជាបន្ដបន្ទាប់ ដោយសារជំងឺភ័យខ្លាចតៗគ្នា


ភ្នំពេញ៖សិស្សសាលាប្រមាណ៤៩នាក់ នៅវិទ្យាល័យសំរោង ស្រុកសូទ្រនិគម ខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានដួលសន្លប់ជាបន្ដបន្ទាប់ ខណៈដែលពួកគាត់កំពុងសិក្សា ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងបន្ថែមថាករណីនេះ ក្រុមគ្រូពេទ្យសង្ស័យថា ដោយសារជំងឺភ័យខ្លាចតៗគ្នា ។

លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យដឹងកាលពីព្រឹកថ្ងៃទី៦ ខែមីនានេះថា សិស្សវិទ្យាល័យសំរោង ស្ថិតក្នុងឃុំសំរោង ចំនួន៤៩នាក់ ជាសិស្សស្រីទាំងអស់ កើតមានអាការ: ដួលសន្លប់ និងស្រែកយំ ហើយត្រូវបានសមត្ថកិច្ច និងលោកគ្រូអ្នកគ្រូ ដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមណ្ឌលសុខភាពឃុំសំរោង ដើម្បីពិនិត្យ និងព្យាបាលអាការ:រោគ ។

លោក សេង សុភា ប្រធានមណ្ឌល សុខភាពសំរោង ស្រុកសូទ្រនិគម បានអោយដឹងថា ជនរងគ្រោះដែលមានអាការធ្ងន់ធ្ងរចំនួន ២៩នាក់ បានដឹកទៅសម្រាកនៅមន្ទីរពេទ្យបង្អែកសូទ្រនិគម និងចំនួនន១៦នាក់ដាក់ឱ្យសម្រាកនៅមណ្ឌលសុខភាពសំរោង និងចំនួន៤នាក់ទៀតបាននឹងកំពុងសម្រាកនៅមណ្ឌលសុខភាពពពេល។

លោកបន្ដថា តាមការសាកសួរអ្នករងគ្រោះ បានលើកឡើងថា ការដួលសន្លប់នេះ នៅពេលពេលដែលពួកគាត់រត់ចេញក្រៅថ្នាក់រៀន ហើយស្រែកយំតៗគ្នា ក្រោយពេលបានឃើញស្រមោលមនុស្សស្រីសក់វែង នៅក្នុងបន្ទប់រៀន ។

លោកបន្ថែមថា ហេតុការដូចគ្នានេះក៏បានកើតឡើង កាលពីថ្ងៃទី០៥ ខែមីនាម្សិលមុិញមានចំនួនប្រមាណ៥ទៅ៦នាក់ប៉ុណ្ណោះ និងកាលពីថ្ងៃទី០៤ ខែមីនា មានចំនួន ១នាក់ផងដែរ ខណ:ដែលពួកគាត់កំពុងរៀនគួរ នៅពេលយប់នៅវិទ្យាល័យសំរោងដូចគ្នានេះ ។

លោកប្រធានមណ្ឌលសុខភាពរូបនោះ បានបន្ដថា តាមការពិនិត្យសម្ពាធឈាម, ជាតិស្ករ និងអុកស៊ីសែនក្នុងខ្លួន គឺគ្មានរោគសញ្ញាអ្វីទាំងអស់ ដូច្នេះអ្នករងគ្រោះមានសុខភាពធម្មតា តាមការសន្និដ្ឋាន គ្មានជំងឺអ្វីក្រៅពីជំងឺភ័យខ្លាចតគ្នានោះទេ ។

លោកក៏ស្នើអោយអាណាព្យាបាល មាន មាតាបិតាសិស្សត្រូវណែនាំកូន អោយពួកគាត់ហូបអាហារអោយបានច្រើន និងដេកអោយបានគ្រប់គ្រាន់ ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាពនៅពេលអត់ងងុយនិងអត់ជាតិអាហារក្នុងខ្លួន ពួកគាត់អាចមានជំងឺរវើរវាយផងដែរ។

ទាក់ទងហេតុការណ៍នេះ លោក ម៉ក់ ប្រុស អភិបាលស្រុក សូទ្រនិគម បានអោយដឹងបន្ថែមថា មកដល់ពេលនេះ ជនរងគ្រោះដែលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពសំរោងផ្សេងទៀត បានធូរស្រាលច្រើនហើយ ហើយបានវិលត្រឡប់ទៅគេហដ្ឋានមួយចំនួនហើយ ខណ:មួយចំនួនទៀតកំពុងនៅសំរាកនោះ រង់ចាំឱ្យមានសុខភាពល្អបន្តិចសិន ប៉ុន្តែគ្មានកើតជំងឺអ្វីធ្ងន់ធ្ងរនោះទេ។ លោកបានបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យបានយកចិត្ដទុកដាក់មើលថែសុខភាពរបស់ពួកគាត់យ៉ាងយកចិត្ដទុកដាក់បំផុត។

សូមបញ្ជាក់ថា នេះជាលើកទី១ ដែលមានការដួលសន្លប់សិស្សសាលាមានចំនួនច្រើនគឺដល់ ៤៩នាក់នេះ នៅក្នុងខេត្ដសៀមរាប នាដើមឆ្នាំ២០២១នេះ៕

To Top