ព័ត៌មានជាតិ

មន្រ្តីទូតចិន ប្តេជ្ញាពន្លឿន ការបញ្ជូនវ៉ាក់សាំង កូវីដ១៩ មកកម្ពុជា ឲ្យបានកាន់តែឆាប់

ភ្នំពេញ ៖ មន្រ្តីប្រចាំស្ថានទូតចិន ប្រចាំកម្ពុជា បានថ្លែងអះអាង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ថាខ្លួន នឹងប្រឹងប្រែង បង្កើនល្បឿន សម្រាប់នីតិវិធី នៃការបញ្ជូនវ៉ាក់សាំង ដែលជាជំនួយរបស់ខ្លួន មកកាន់កម្ពុជា ឲ្យបានកាន់តែឆាប់ និងលឿន ។

លោក វ៉ាង ដេស៊ុន ប្រធានការិយាល័យ នយោបាយអម ស្ថានទូតចិន ប្រចាំកម្ពុជា បានសរសេរ លើបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន ដោយបានគូសបញ្ជាក់ នូវការប្តេជ្ញាចិត្ត របស់ស្ថានទូត ដូចដែលបានបញ្ជាក់ថា “យើងកំពុងតែបង្កើនល្បឿន សម្រាប់ដំណើរ ការបញ្ជូនវ៉ាក់សាំង។ ប្រទេសកម្ពុជា ត្រូវការវ៉ាក់សាំង ជាងពេលណាៗទាំងអស់” ។

ការអធិប្បាយ របស់មន្រ្តីទូតចិន ធ្វើឡើង ស្របគ្នា ទៅនឹងសេចក្តី រាយការណ៍ របស់ក្រសួង សុខាភិបាលកម្ពុជា ដែលបានអះអាងថា អ្នកជំងឺ កូវីដ១៩ ជនជាតិខ្មែរ អាយុ៥០ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺនេះ ជាលើកដំបូង ។

ចិនបានផ្តល់ជំនួយ ឥតសំណង នូវវ៉ាក់សាំងកូវីដ ចំនួន១លានដូស មកដល់កម្ពុជា ដែល៦០ម៉ឺនដូស បានមកដល់កម្ពុជា កាលពីថ្ងៃ៧ កុម្ភៈ និងបានចាក់រួចរាល់ សម្រាប់ជនងាយប្រឈម។

បើតាមការ បញ្ជាក់ ពីមន្រ្តីដដែលការបញ្ជូន វ៉ាក់សាំង ដែលនៅសល់ ៤០ម៉ឺនដូសទៀត អាចនឹងមកដល់ មុនការកំណត់ ។ កំណត់ គឺអំឡុងខែមេសា ឆ្នាំ២០២១ ។

ប្រជានជនកម្ពុជា រំពឹងថា ចិនជាមិត្តដៃគូដ៏ជិតស្និតកម្ពុជា នឹងបញ្ជូនជាជំនួយ វ៉ាក់សាំងបន្ថែម លើសពីការសន្យា របស់ខ្លួនមកកាន់កម្ពុជា បន្ថែមទៀត គ្រាដែលស្ថានភាព ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ត្រូវបានអាជ្ញាធរកម្ពុជា អះអាងថា មានសកម្មភាពធ្ងន់ធ្ងរ ជាងសហគមន៍ ៣វិច្ឆិកា និង២៨វិច្ឆិកា ៕

ដោយ: សយ សុភា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top