ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារ នាំយកស្បៀង ឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយបុគ្គលវិជ្ជមាន ជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នាព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀង។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ផងដែរ។

អំណោយមាន – អង្ករចំនួន២៤ការ៉ុង – មីចំនួន២៧កែស – ទឹកសុទ្ធចំនួន៣៦កេស – ទឹកត្រី ទឹកស៊ីអ៊ីវ២៦យួរ – ត្រីខចំនួន ៣៦យួរ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៣គ្រួសារ ស្មើនឹង ៨០នាក់ (ស្រី២៤នាក់) ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន និងបានទទួលការយក សំណាកលើកទី១ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ពលរដ្ឋទាំងនេះ គឺបានជាប់ពាក់ព័ន្ធ ដោយប្រយោល ជាមួយបុគ្គលមាន វិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ កក្កដា សោភ័ណ ក្នុងពិធីមង្គលការមួយកន្លែងនៅខេត្តតាកែវ៕

To Top