ព័ត៌មានជាតិ

ក្រុមមេធាវីស្ម័គ្រចិត្ត ការពារក្តី ឲ្យបុរសបាញ់ ការពារខ្លួន នៅក្រោមស្ពាន អាកាសទឹកថ្លា ដោយមិនគិតកម្រៃ (Video)

ភ្នំពេញ ៖ មេធាវី៩រូប ដែលបម្រើការងារ នៅក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញ (Duan & Duan Phnom Penh Law Firm) និងក្រុមហ៊ុនមេធាវី លីហ្គលថោន (Legal Town Law Firm) បានស្ម័គ្រចិត្ត ផ្តល់ការការពារក្តី ឲ្យលោក ភឿង ភិរៈ ក្នុងឧបទ្ទវហេតុផ្ទុះអាវុធ ដែលបានបាញ់ ទៅយុវជនម្នាក់ ក្នុងគោលបំណងការពារខ្លួន នាយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រោមស្ពាន អាកាសទឹកថ្លា ខាងមុខធនាគារ ABA សាខាទឹកថ្លា ដោយឥតគិតថ្លៃសេវា ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន មេធាវីការពារក្តី របស់ក្រុមហ៊ុនទាំង២នេះ ដែលចេញនៅថ្ងៃ៨ មេសា នេះ គឺក្នុងគោលបំណង ការពារសិទ្ធិបុគ្គលនេះ ក្នុងការទទួលបានយុត្តិធម៌ តាមនីតិវិធីច្បាប់ ។

លោក ភឿង ភិរៈ ជាកូនកំព្រាឪពុក និងជាអតីតបញ្ញវន្ត ដែលបានទទួលអាហារូបករណ៍ នៅដេប៉ាតឺម៉ង់ ផ្នែកភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

សូមបញ្ជាក់ថា ក្នុងករណីផ្ទុះអាវុធនៅក្រោមស្ពាន អាកាសទឹកថ្លា ជិតផ្សារដីហ៊ុយនេះ ធ្វើឲ្យមានការ ចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បណ្តាញ ក្រុមអ្នកលេងសង្គមហ្វេសប៊ុក ដោយមានអ្នកចេញមកការពារ ជនបង្កឈ្មោះ ភឿង ភិរៈថាការបាញ់ទៅលើយុវជននេះ ក្នុងគោលបំណងការពារខ្លួនប៉ុណ្ណោះ ព្រោះយុវជននោះ បានយកកាំបិត ក្នុងគោលបំណងមកចាក់ លើឈ្មោះ ភឿង ភិរៈ ។ តែក៏មានមតិខ្លះទៀតមិនគាំទ្រនូវសកម្មភាពបាញ់នេះដែរ ដោយពួកគេអះអាងថា ឈ្មោះ ភឿង ភិរៈដែលជាសន្តិសុខការពារ ធនាគារ ABA អាចបាញ់ជើង ដៃ ហើយបាញ់ឡើងលើ ក្នុងគោលបំណងគម្រាម និងរត់ទៅប្តឹងសមត្ថកិច្ច បានហើយ មិនចាំបាច់បាញ់ ៣គ្រាប់លើយុវជននោះ រហូតធ្វើឲ្យស្លាប់នោះទេ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×