ព័ត៌មានជាតិ

មូលនិធិរូបិយវត្ថុ​ អន្តរជាតិ ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនពី -៣,៥% ឆ្នាំ២០២០ ដល់៤,២% ឆ្នាំ២០២១

ភ្នំពេញ ៖ មូលធិនិរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងកើនពី -៣,៥% កាលពីឆ្នាំ២០២០ ដល់ ៤,២% នៅឆ្នាំ២០២១ នេះ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក ធនាគារជាតិ នៃកម្ពុជា។

នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ដែលរៀបចំដោយ នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងអំឡុងកិច្ចប្រជុំនាទិឃរដូវ ប្រចាំឆ្នាំ២០២១ របស់មូលធិនិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក តាមរយៈប្រព័ន្ធអនឡាញ ។

នាឱកាសនោះ មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា «សេដ្ឋកិច្ចក្នុងតំបន់អាស៊ី នឹងមានភាពប្រសើរឡើងវិញ ដោយកំណើននឹងកើនពី -១,៥% នៅឆ្នាំ២០២០ ដល់ ៧,៦% នៅឆ្នាំ២០២១ ដោយសារកំណើន តម្រូវការប្រើប្រាស់និងការវិនិយោគ ក្នុងវិស័យឯកជន ក្នុងនោះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងកើនពី -៣,៥% នៅឆ្នាំ២០២០ ដល់ ៤,២% នៅឆ្នាំ២០២១»។

មូលនិធិរូបិយវត្ថុអន្តរជាតិ បន្ដថា ដូចបណ្តាប្រទេសនានា ជុំវិញពិលោកដែរ សេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២០ បានជួបប្រទះនូវកំណើន អវិជ្ជមានដោយសារឥទ្ធិពល នៃវិបត្តិជំងឺកូវីដ-១៩ ។ ទោះយ៉ាងណា អត្រាអតិផរណាកម្ពុជា ស្ថិតក្នុងកម្រិតទាបប្រមាណ ២,៩% អត្រាប្តូរប្រាក់ប្រែប្រួលក្នុងកម្រិតទាបជាង ១% ស្របពេលដែលទុនបម្រុងអន្តរជាតិ ត្រូវបានគរពូនជាលំដាប់ ដែលអាចធានាការនាំចូលទំនិញ និងសេវាបាន ១១ខែ ដែលរួមចំណែក ក្នុងការរក្សាស្ថិរភាពថ្លៃ និងតុល្យភាពម៉ាក្រូសេដ្ឋកិច្ច ។

សូមជម្រាបថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្តល់ឱកាសដល់តំណាងប្រទេសសមាជិក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាចពិភាក្សា និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធ និងទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×