ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារ ៖ អនុក្រឹត្យស្តីពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្ម មិនប៉ះពាល់ការអនុវត្ត និងប្រមូលពន្ធចំពោះអាជីវកម្មឡើយ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា អនុក្រឹត្យស្តីពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មិនប៉ះពាល់ដល់ការអនុវត្ត និងការប្រមូលពន្ធ ចំពោះអាជីវកម្មដែលធ្វើសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងប្រទេសនោះទេ។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យ ស្តីពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។

គោលបំណងអនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌពិសេស និងដាក់ចេញនូវ យន្តការអនុវត្ត អាករលើតម្លៃបន្ថែម លើទំនិញឌីជីថល និងសេវាទីជីថល ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងធ្វើការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជន ដែលមិនមានគ្រឹះស្ថាន អចិន្ត្រៃយ៍នៅកម្ពុជា ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តស្របតាមមាត្រា៧៥ នៃច្បាប់ស្តីពីសារពើពន្ធ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា «អនុក្រឹត្យនេះ គឺមិនប៉ះពាល់ដល់ការអនុវត្ត និងការប្រមូលពន្ធ ចំពោះអាជីវកម្មដែលធ្វើសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងប្រទេសនោះទេ។ ផ្ទុយទៅវិញ អនុក្រឹត្យនេះ អាចជួយទាក់ទាញឲ្យមានការវិនិយោគ មកក្នុងកម្ពុជាបន្ថែមទៀត ដើម្បីជំរុញឲ្យមានការរីកចម្រើន នៃវិស័យបច្ចេកវិទ្យា តាមរយៈការទាក់ទាញការវិនិយោគ របស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេស ព្រមទាំងអាចជួយដោះស្រាយឧបសគ្គ នៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះសកម្មភាព អាជីវកម្មពីអ្នកជាប់ពន្ធអនិវាសនជន មកអ្នកជាប់ពន្ធនិវាសនជន និងធានាបាននូវការប្រកួតប្រជែង ដោយស្មើភាពក្នុងការ ធ្វើធុរកិច្ចផងដែរ»។

សូមរំលឹកថា អនុក្រឹត្យស្តីពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មានវិសាលភា ពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រ ព័ន្ធអេឡិចត្រូនិកដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជននៅក្រៅកម្ពុជា មកកម្ពុជា ។ ដោយឡែកចំពោះសកម្មភា ពពាណិជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៅកម្ពុជា ត្រូវអនុវត្តតាមបទប្បញ្ញត្តិស្ដីពី អាករលើតម្លៃបន្ថែមជាធរមាន៕

To Top