ព័ត៌មានជាតិ

គណៈកម្មាធិការសិទ្ធិមនុស្ស ៖ ការបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដនៅកម្ពុជា មិនមែនជាការរំលោភលើ សិទ្ធិឯកជន ភាព របស់បុគ្គលឡើយ

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ការបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា មិនមែនជាការរំលោភលើសិទ្ធិឯកជនភាពរបស់បុគ្គលទេ ព្រោះថា ធ្វើឡើងក្នុងកាលៈទេសៈចាំបាច់បំផុត ក្នុងការស្វែងរកអ្នកពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោល។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានថ្លែងថា តើការបង្ហាញ អត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ ដោយអាជ្ញាធរសាធារណៈ ជាការរំលោភសិទ្ធិឯកជនភាពរបស់បុគ្គលដែរឬទេ?

លោកបន្ដថា ផ្អែកលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេស កតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ រដ្ឋអាចកំហិតសិទ្ធិសេរីភាពមួយចំនួនដែលជាសិទ្ធិមិនដាច់ខាតរបស់ពលរដ្ឋបាន ដូចជាការជួបជុំ ដើរហើរ ប្រមូលផ្តុំ ការសម្តែងមតិ រួមទាំងសិទ្ធិឯកជនភាពបុគ្គលផងដែរ ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈ រួមមាន សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសុខភាពសាធារណៈជាដើម។ ហើយដែលត្រូវធ្វើ ក្នុងកាលៈទេសៈចាំបាច់បំផុត និងជាបណ្តោះអាសន្ន។

លោក បញ្ជាក់ថា «ដូច្នេះ ការបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ របស់កម្ពុជា មិនមែនជាការរំលោភ លើសិទ្ធិឯកជនភាពរបស់បុគ្គនោះទេ ព្រោះថា វាធ្វើឡើងក្នុងកាលៈទេសៈចាំបាច់បំផុត ក្នុងការស្វែងរកអ្នកពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវី-១៩នេះ បានទាន់ពេលវេលា និងមិនមែនធ្វើឡើងជាអចិន្រ្តៃយ៍នោះទេ»។

លោក បន្ថែមថា «ដូចដែលយើងធ្លាប់ធ្វើម្តងរួចមកហើយ ក្នុងរយៈពេលបណ្តោះអាសន្នខ្លីតែប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍សហគមន៍លើកទី២ ដែលជាលទ្ធផល យើងទទួលបានជោគជ័យនិងអាចគ្រប់គ្រង បិទបញ្ចប់បានទាំងស្រុងនូវព្រឹត្តិការណ៍នោះ»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top