ព័ត៌មានជាតិ

ថវិកា ​​ជាង២ពាន់ដុល្លារ ជាមូលនិធិ​កូនអ្នកស្វាយរៀង បានបែងចែកជា​២ផ្នែក ជួយដល់ជនក្រីក្រ កំពុងប៉ះពាល់ជីវភាព ដោយជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង

ភ្នំពេញ៖ លោកស្រី នុន ចាន់ពិសី បានផ្តួចផ្តើមឡើងនូវ “មូលនិធិកូនអ្នកស្វាយរៀង” ដោយគៀងគរថវិកា បានជាង២ពាន់ដុល្លារ ពីសប្បុរសជននានា ទិញជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង និងសាលាសង្កាត់ស្វាយរៀង ដើម្បីជួយដល់ជនក្រីក្រ ដែលកំពុងប្រឈម នឹងជីវភាពប្រចាំថ្ងៃ ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ ។

លោកស្រី នុន ចាន់ពិសី បានឲ្យដឹង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះថា “មូលនិធិកូនអ្នកស្វាយរៀង គៀងគរថវិកា ដើម្បីជូនទៅដល់ រដ្ឋបាលខេត្តស្វាយរៀង ដើម្បីចែកអំណោយ ប្រជាជន ៤១គ្រួសារ និងយកថវិកា ដែលនៅសេសសល់ ចែកទៅខាង សាលាសង្កាត់ខេត្តស្វាយរៀង ដើម្បីចែកជូនប្រជាជនក្រីក្រ ដោយបញ្ហាជំងឺកូវីដ១៩ រួមទាំងអ្នកចត្តាឡីស័កជាដើម” ។

តាមការបញ្ជាក់ពីលោកស្រី នុន ចាន់ពិសី ថវិកាទាំងអស់បានបែងចែក ជាពីរកញ្ចប់ ដោយកញ្ចប់ទី១ ប្រគល់ជូនសាលាខេត្តស្វាយរៀង មានដូចជា៖ អង្ករ ចំនួន១តោន, មី ៥០ កេះ, ម៉ាស់ ១កេះធំ និងថវិកា ១,០០០,០០០៛ (មួយលាន រៀល) ។

កញ្ចប់ទី២ចែកជូន នៅសាលាសង្កាត់ស្វាយរៀង សំរាប់បងប្អូន ដែលរងផលប៉ះពាល់ ជីវភាពខ្លាំង ដោយសារ ជំងឺកូវីត១៩ ចំនួន៤១គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ១បាវ ២៥គីឡូ (សរុបចំនួន ៤១បាវ ស្មើនិង១តោន), មី ១កេះ (សរុប ៤១កេះ), ម៉ាស ១ប្រអប់ (សរុប ១កេះធំ មាន៥០ប្រអប់), ថវិកា ២០,០០០៛ (ពីរម៉ឺនរៀល), អាកុល ១កាន៦០លីត្រ និងថវិកា ៤០០,០០០៛ ។

គួរបញ្ជាក់ថា អំណោយ មូលនិធិកូនអ្នកស្វាយរៀង ផ្តួចផ្តើមដោយលោស្រី នុន ចាន់ពិសី គៀងគរ គិតជាទឹកប្រាក់ សរុប ២,៣៥៤$៕

To Top