ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ សំខាន់ៗប្រចាំសប្ដាហ៍

សម្ដេចតេជោ ៖ កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះ នៃមរណៈ ដូច្នេះ ប្រជាពលរដ្ឋត្រូវរួមគ្នា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈហើយ ប្រសិនបើប្រជាពលរដ្ឋមិនរួបរួមគ្នាទេ នឹងឈានទៅរកមរណៈពិតប្រាកដ ដូច្នេះ វិធីតែមួយគត់គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

តាមរយៈសារសំឡេងស្តីពី វិធានបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងស្ថិតនៅមាត់ជ្រោះ នៃមរណៈ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាជម្នះឲ្យបាន បើមិនរួមគ្នានោះទេ នឹងឈានទៅរកមរណៈមិនខាន។

សម្ដេចតេជោ មានប្រសាសន៍ថា «សូមអង្វរកបងប្អូនប្រជាពលរដ្ឋរបស់យើង ខិតខំឡើងរួមគ្នា ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ ដ៏គ្រោះថ្នាក់ យើងកំពុងស្ថិតនៅមាត់ជ្រោះ នៃមរណៈហើយ ប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈ ពិតប្រាកដ ដូច្នេះវិធីតែមួយគត់ គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន ជាពិសេសការគាំទ្រ និងចូលរួមរបស់ប្រជាជន»។

សម្ដេចតេជោ សង្ឃឹមថា ប្រជាពលរដ្ឋនឹងយកពេលវេលាដែលកម្ពុជា កំពុងស្ថិតនៅមាត់ជ្រោះនៃរមណៈ ឲ្យក្លាយទៅជា កាលានុវត្តនភាពថ្មីមួយ ដើម្បីក្លាយជាឱកាស ក្រោយពេលចូលឆ្នាំរួច ក្នុងរយៈពេល១៤ កម្ពុជាកាត់បន្ថយការចម្លង ជំងឺកូវីដ-១៩។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យអាជីវករទូទាំងប្រទេសផ្អាកការលក់គ្រឿងស្រវឹង ដើម្បីបញ្ជៀស នៃការស៊ីផឹកដោយគ្មានការចាំបាច់នៅតាមទីកន្លែងមួយចំនួន។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ឲ្យទូទាំងប្រទេសផ្អាកការលក់ដូរគ្រឿងស្រវឹង ដើម្បីបញ្ជៀស នៃការស៊ីផឹកដោយគ្មានការចាំបាច់ នៅតាមទីកន្លែងខ្លះ ហើយនៅភ្នំពេញគ្រឿងស្រវឹង មិនមែនចាត់ទុកថា ជាប្រភេទស្បៀងមួយនោះទេ គេថាស្រាជាប្រភេទស្បៀង តែខ្ញុំសូមស្នើឱ្យរាជធានីភ្នំពេញ ផ្អាកការលក់គ្រឿងស្រវឹង ក្នុងរយៈពេល១៤ថ្ងៃនេះ ប៉ុន្តែសូមមេត្តាលក់ទឹកក្រូច លក់ទឹកសុទ្ឋ លក់ទឹកអ្វីផ្សេងៗទៀត ដែលមិនមែនជាគ្រឿងស្រវឹង ជូនដល់ពលរដ្ឋរបស់យើង»៕

នាយករដ្ឋមន្រ្តី ចេញបទបញ្ជាហាមផ្ដាច់ ការចរាចរ របស់ប្រជាពលរដ្ឋ ពីផ្ទះមួយទៅផ្ទះមួយ ឬភូមិ និងឆ្លងខេត្ត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជាទៅកាន់អាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែអនុវត្តវិធានការ ឱ្យបានតឹងរឺងបំផុត មិនឱ្យមានការធ្វើដំណើរ ឆ្លងពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយ នោះឡើយ។

ការចេញបទបញ្ជាជាថ្មីនេះ ធ្វើឡើងក្រោយពីសម្តេចតេជោ បានកត់សម្គាល់ឃើញថា រយៈពេលពីរថ្ងៃនៃការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ នៅតែមានប្រជាពលរដ្ឋធ្វើដំណើរ ។

តាមរយៈសារជាសម្លេង ពាក់ព័ន្ធនឹងការបិទខ្ទប់ រាជធានីភ្នំពេញ និងខេត្តកណ្តាល សម្តេចតេបានលើកឡើងថា ជាំការកត់សម្គាល់ ក្នុងពេលបិទខ្ទប់នេះ នៅតែមានប្រជាពលរដ្ឋអាចធ្វើចរាចរ ការប្រាស្រ័យទាក់ទងគ្នា និងឆ្លងខេត្តជាដើម។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បង្កើនការអនុវត្តន៍វិធានការនេះដោយម៉ឺងម៉ាត់បំផុត។

សម្តេចតេជោ បញ្ជាក់ថា ”ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ថា ការបិទនេះ គឺបិទមិនឱ្យប្រជាជនចេញពីផ្ទះតែម្តង លើកលែងតែមានករណីមួយចំនួន។ សូមកុំប្រើប្រាស់ករណីលើកលែងនោះ ធ្វើជាលេស ដើម្បីការចាកចេញរបស់បងប្អូនដែរ។ ឥឡូវបញ្ជាដាច់ណាត់ ដាច់ខាតមិនឱ្យមនុស្សចេញពីរាជធានីភ្នំពេញ ហើយក៏មិនអនុញ្ញាតឱ្យមនុស្សដែលទៅស្រុក ហើយត្រឡប់មកវិញ ដើម្បីចូលទីក្រុងភ្នំពេញទេ”៕

សម្ដេចតេជោ សម្រេចចាក់វ៉ាក់សាំងកូវីដដូសទី២ មុនថ្ងៃកំណត់ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន នៅហ្សាកាតា

ភ្នំពេញ៖ ទន្ទឹមនឹងបរិបទនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅលើសកលលោក ក៏មានបញ្ហាក្ដៅ មួយចំនួននៅក្នុងតំបន់ផងនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចាក់វ៉ាក់សាំងកូវីដដូសទី២ មុនថ្ងៃកំណត់ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន នៅហ្សាកាតា នាថ្ងៃទី២៤ខាងមុខ។

សូមរំលឹកបញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលចាប់តាំងពីយោធា បានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានស៊ូជី ពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងមកនេះ ធ្វើអោយមានការ ងើបឡើងប្រឆាំងពីសំណាក់ប្រជាពលរដ្ឋ ទៅនឹងរបបសឹកមួយនេះ បណ្ដាលអោយមនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីសំណាក់ក្រុមយោធា។

តាមរយៈបណញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរយ៉ាងដូច្នេះថា ដោយភារកិច្ចខានមិន បានក្នុងការចូលរួមប្រជុំអាស៊ាន នាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

ជាការឆ្លើយតបក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ១៩ នៅលើពិភពលោក សម្ដេចតេជោ បានបញ្ជាក់ថា កិច្ចការដែលខ្ញុំត្រូវធ្វើ ដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោង ចាក់នៅថ្ងៃទី២៩ មេសា ២០២១។ ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យដើម្បី ទទួលលិខិតបញ្ជាក់ សម្រាប់អោយអាជ្ញាធរ សុខាភិបាលឥណ្ឌូណេស៊ី។

សម្ដេចបាន ឱ្យ ដឹងថា ព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាក ពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ជាមួយនឹងការពិនិត្យសំណាក ២ទៅ៣ដងទៀត។

ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ សម្ដេចតេជោ ត្រូវអោយភរិយានាំកូន និងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូ ដែលធ្វើដំណើរជាមួយសម្ដេច ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។ មានអ្នកអោយយោបល់សម្ដេចថា ដោយសារសម្ដេចចាក់វ៉ាក់សាំងរួចហើយ សម្ដេចគួរធ្វើចត្តាឡីស័ក៧ថ្ងៃ បានហើយ តែសម្ដេចបានប្រាប់ទៅពួកគាត់វិញថា សម្ដេចចង់ធ្វើអោយប្រាកដថាសម្ដេចមិនមានវិជ្ជមានកូវីដ-១៩ នោះទេព្រោះសម្ដេចត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់សម្ដេចទាំងតូចទាំងធំ តែងមកលេងច្របាច់ជើង និងគេងលើគ្រែ ព្រមទាំងរត់លេង ក្នុងបន្ទប់របស់ជីតា ៕

អភិបាលរាជធានីភ្នំពេញជឿជាក់ថា ការបិទខ្ទប់រាជធានី១៤ថ្ងៃ អាចនឹងកាត់បន្ថយ​ រាលដាលជំងឺកូវីដ១៩ ឈានដល់កាត់ផ្តាច់ទាំងស្រុង

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលជាសេនាធិការ ក្នុងការពិនិត្យ និងអនុវត្តលើវិធានការនេះ បានបង្ហាញនូវការជឿជាក់ថា អាចនឹងការកាត់បន្ថយ ការឆ្លងរាលដាល ជំងឺកូវីដ១៩ និងឈានទៅដល់ការកាត់ផ្តាច់បានទាំងស្រុង តែទាមទារឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនានា ។

ក្នុងសន្និសីទសារព័ត៌មាន នារាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១លោក ឃួង ស្រេង បានលើកឡើងថា “កិច្ចការងារនេះ (វិធានការបិទខ្ទប់ ភូមិសាស្ត្ររាជធានី ភ្នំពេញ) សុទ្ធតែមានក្តីសង្ឃឹម ជាការពិសោធន៍ នៅលើប្រទេស ដែលបានអនុវត្តកន្លងមក នៅលើពិភពលោក ការទប់ស្កាត់ជំងឺរីករាលដាលនេះ គឺកាត់ផ្តាច់មនុស្ស កុំឲ្យមានទំនាក់ទំនងនឹងគ្នា ទើបអាចទប់ស្កាត់បាន” ។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “ការកាត់ផ្តាច់នេះ យើងមានសង្ឃឹមថា រយៈពេល១៤ថ្ងៃនេះ នឹងកាត់បន្ថយការឆ្លងរីករាលដាល នឹងឈានទៅរកផ្តាច់នៃជំងឺនេះ ក្នុងរាជធានីភ្នំពេញ ដូច្នេះហើយ ទើប រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់នៅក្នុងរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលតែម្តង ដោយសារឃើញ ទីតាំងនេះ ចូលដល់បន្ទាត់ក្រហម ទើបត្រូវបិទ ហើយក៏សូមបញ្ជាក់ផងដែរថា នេះជាងារ មួយដ៏អាក្រកបំផុត ប៉ុន្តែយើងឈឺចាប់តិច ប្រសើរជាងឈឺយូរអង្វែង” ។

គួរឲ្យដឹងថា រាជធានីភ្នំពេញដែលជាទីតាំងផ្ទុះការឆ្លងរាលដាលខ្លាំងជាងគេ ចាប់តាំងពីព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ២០២១ បានកើតឡើង ដែល នាំឲ្យមានអ្នកឆ្លងជំងឺកូវីដ១៩ និងឈានដល់មានអ្នកស្លាប់ នៅកម្ពុជាផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បាន ដាក់ចេញវិធានការជាបន្តបន្ទាប់ ដូចជាវិធានការរដ្ឋបាលដែលបានដាក់ចេញកន្លងមក ដោយបិទការធ្វើដំណើរ នៅពេលយប់ និងបិទខ្ទប់នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញផងដែរ ធ្វើយ៉ាងណា មិនឲ្យស្ថានភាពនេះ កាន់តែអាក្រក់ជាងនេះ ។

ប៉ុន្តែវិធានការខាងលើនេះ ហាក់មិនទាន់បានរាំងខ្ទប់នូវការចម្លងដែលមានចំនួនជាង១០០នាក់ ក្នុងមួយថ្ងៃនោះឡើយ រហូតនៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការ បិទខ្ទប់ទាំងស្រុងនូវភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលតែម្តង៕

រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំប្រជាពលរដ្ឋ ផ្ដល់កម្លាំងចិត្តដល់ នគរបាល និងកងរាជអាវុធហត្ថ ដោយសារពួកគាត់ ការពារ ប្រជាជនពីការឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំប្រជាពលរដ្ឋទាំង អស់ ត្រូវផ្ដល់កម្លាំងចិត្តដល់ កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដោយសារពួកគាត់ ការពារសុខសុវត្ថិភាព និងអា យុជីវិតប្រជាជន ពីការឆ្លងជំងឺកូវីដ-១៩។

ក្នុងឱកាសចុះសួរសុខទុក្ខ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ ព្រមទាំង ពិនិត្យទីតាំងបិទខ្ទប់ ក្នុងមូលដ្ឋានខណ្ឌមាន ជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា វត្តមានរបស់សម្ដេចនាពេលនេះ គឺជាការផ្ដល់ការលើកទឹកចិត្តខ្ពស់ជូន អាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ ព្រមទាំងតួអង្គពាក់ព័ន្ធ ដែលបានកំពុងបំពេញភារកិច្ចអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារសេចក្ដីសុខសុវត្ថិភាព និងអាយុជីវិតប្រជាជនពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

សម្ដេច បន្ដថា មន្ត្រីកងកម្លាំងទាងអស់ ក៏មិនខុសពីប្រជាពលរដ្ឋឡើយ ប៉ុន្តែសម្រាប់ពួកគាត់ បំពេញភារកិច្ចបំរើជាតិ និងប្រជាជន ពិសេស ការពារសេចក្ដីសុខជូនប្រជាជនមានអាទិភាពជាង។

សម្ដេច ស ខេង មានប្រសាសន៍ថា «យើងម្នាក់ៗសុទ្ធតែខ្លាចកូវីដ-១៩ ហើយយើងថាគួរតែនៅផ្ទះទើបសុខជាង។ ចុះចំណែកបងប្អូន (អាជ្ញាធរ និងកងកម្លាំង) យើងដែលកំពុងបំពេញភារកិច្ចនេះវិញ? គាត់ក៏ដូចយើងដែរ។ ដូច្នេះខ្ញុំត្រូវតែចុះមកផ្ដល់កម្លាំងចិត្តដល់ពួកគាត់»។

សម្ដេច ក៏បានលើកឡើង រហូតមកដល់ពេលនេះ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅលើពិភពលោក នៅតែមិនទាន់ មានការថម ថយនោះទេ ដូច្នេះ ការពារសុខភាពកុំឲ្យឆ្លងជំងឺកូវីដ-១៩ គឺជារឿងសំខាន់បំផុតរបស់មនុស្សជាតិ ក្នុងនោះ ក៏រាប់ទាំងប្រទេសកម្ពុជាផងដែរ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤ ៨៧៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ២ ២៩០នាក់ អ្នកកំពុងសម្រាកព្យាបាល ចំនួន២៥៤៤នាក់ និងអ្នកស្លាប់ ចំនួន ៣៥នាក់៕

ក្រសួងយុត្តិធម៌​ ៖ ការបំពានវិធានការ បិទខ្ទប់ ដោយការមិនគោរព ឬរារាំង នឹងត្រូវទទួលទោស

ភ្នំពេញ ៖ ក្រោយរាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃនោះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួង យុត្តិធម៌ បានពន្យល់ថា ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាល មួយតឹងរឹង ដែលតម្រូវអោយប្រជាពលរដ្ឋទាំងអស់ ត្រូវនៅផ្ទះរៀងៗខ្លួន, ផ្អាកការធ្វើដំណើរ, ផ្អាករាល់ការជួបជុំ, ហើយក្រុមហ៊ុន ឬសហគ្រាសត្រូវផ្អាកដំណើរ ការជាបណ្តោះអាសន្ន ក្នុងរយៈពេលបិទខ្ទប់១៤ថ្ងៃនេះ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ មេសានេះ លោក គឹម សន្តិភាព បានបន្តពន្យល់ថា ការធ្វើដំណើរអាចធ្វើទៅបាន តែក្នុងករណីចាំបាច់ និងបន្ទាន់មួយចំនួនប៉ុណ្ណោះ ដូចជាការចេញទៅទិញម្ហូបអាហារ កីឡា ឬទៅពេទ្យជាដើម ។ ការជួបជុំអាចធ្ចើទៅបាន តែក្នុងករណីចាំបាច់បំផុតដូចជា បុណ្យសព ឬសកម្មភាព បម្រើអោយសុខុមាលភាព សាធារណៈ និងប្រយោជន៍សង្គម ។ រីឯការជួបជុំក្នុងចំណោមគ្រួសារ ដែលរស់ នៅជាមួយគ្នា ក្នុងបរិវេនផ្ទះរបស់ខ្លួន ក៏ត្រូវបានអនុញ្ញាតផងដែរ ! រាល់ក្រុមហ៊ុន ឬសហគ្រាស ដែលជាតម្រូវការចាំបាច់ សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនទូទៅ អាចនៅដំណើរការបាន ដូចជាហាងទំនិញ ផ្សារលក់ម្ហូបអាហារ រោងចក្រឫសិប្បកម្ម ផលិតម្ហូបអាហារ មន្ទីរពេទ្យឫក្លីនិកឯកជន, ធនាគារជាដើម។
សហគ្រាស ឬក្រុមហ៊ុន ដែលមិនមែនជាតម្រូវការខាន មិនបាន របស់ប្រជាពលរដ្ឋទូទៅ ត្រូវផ្អាកសកម្មភាពទាំងអស់ ។ ប៉ុន្តែ ស្ថាប័នសាធារណៈ ដែលផ្តល់ សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ នៅបន្តដំណើរការដដែល ។

រាល់ស្ថាប័នសាធារណៈ និងឯកជន ដែលត្រូវបានអនុញ្ញាត អោយបន្តដំណើរការ ត្រូវកាត់បន្ថយចំនួនបុគ្គលិក មកបម្រើការអោយមកនៅតិចបំផុត ហើយត្រូវអនុវត្តនូវរាល់វិធានការ សុខាភិបាល ដូចជាការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព និងការលាងសម្អាតដៃជាដើម។

អ្នកនាំពាក្យក្រសួងយុត្តិធម៌សង្កត់ធ្ងន់ថា “បុគ្គលគ្រប់រូប មានកាតព្វកិច្ចត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព នៅក្នុងភូមិសាស្រ្ត ដែលត្រូវបានបិទខ្ទប់។ ការបំពានវិធានការបិទខ្ទប់នេះ ដោយការមិនគោរព ឬរារាំង នឹងត្រូវទទួលទោស ដែលត្រូវបានកំណត់ដោយច្បាប់” ។

សូមរំលឹកថាក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត។ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវចាត់ទុកជាភូមិសាស្រ្តតែមួយ ដែលត្រូវបានបិទខ្ទប់៕

លោក ជិន ម៉ាលីន ៖ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងគោលដៅការពារ អាយុជីវិតពលរដ្ឋ មិនមែនរំលោភសិទ្ធិមនុស្សទេ

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកាតព្វកិច្ចការពារកូវីដ-១៩ ក្នុងគោលដៅការពារ អាយុជីវិតប្រជាពលរដ្ឋ និង សុខភាពសាធារណៈ មិនមែនជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សទេ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោក ជិន ម៉ាលីន ចោទសួរថា តើការចាក់វ៉ាក់សាំង កាតព្វកិច្ចការពារកូវីដ-១៩ ជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្ស ដែរឬទេ? លោកបានឆ្លើយតប និងពន្យល់ថា ការចាក់វ៉ាក់សាំង កាតព្វកិច្ចការពារកូវីដ-១៩ ក្នុងគោលដៅការពារអាយុជីវិតពលរដ្ឋ និងសុខភាពសាធារណៈ មិនមែនជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សនោះទេ ដោយហេតុផល ចំនួន៣៖

ទី១-ផ្អែកលើការអនុវត្តជាអន្តរជាតិ និងយុត្តិសាស្រ្តរបស់តុលាការអន្តរជាតិ ប្រទេសប្រជាធិបតេយ្យធំៗ មួយចំនួន បានដាក់ចេញវិធានការនេះ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ទៅលើក្រុមមនុស្ស ក្រុមគោលដៅ និងតំបន់មួយចំនួន ដែលមានហានិភ័យខ្ពស់ ក្នុងគោលដៅការពារអាយុជីវិត របស់ពលរដ្ឋគេ។

ទី២-ផ្អែកលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ រដ្ឋអាចកំហិតសិទ្ធិសេរីភាពមួយចំនួន ដែលជាសិទ្ធិមិនដាច់ខាត របស់ពលរដ្ឋបាន ដូចជាការជួបជុំ ដើរហើរ ប្រមូលផ្តុំ ការសម្តែងមតិ រួមទាំងសិទ្ធិនៃការសម្រេចចិត្ត និងឯកជនភាពបុគ្គលផងដែរ ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈ រួមមាន សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសុខភាពសាធារណៈជាដើម។

និងទី៣-ផ្អែកលើបទដ្ឋានសិទ្ធិមនុស្សជាតិរបស់កម្ពុជា ជាពិសេសរដ្ឋធម្មនុញ្ញ របស់កម្ពុជាដែលជាច្បាប់កំពូល ក៏អនុញ្ញាតផងដែរ ឱ្យមានការកំហិត និងកំណត់ព្រំដែន នៃសិទ្ធិមួយចំនួនរបស់ពលរដ្ឋ ដែលត្រូវធ្វើឡើង ដោយច្បាប់ ក្នុងកាលៈទេសៈចាំបាច់បំផុត និងក្នុងគោលដៅការពារ និងថែរក្សាប្រយោជន៍សាធារណៈ ។

ជាងនេះទៅទៀត លោក ជិន ម៉ាលីន ក៏បានលើកឡើងថា ជាក់ស្តែង ច្បាប់កូវីដ-១៩របស់កម្ពុជា និងបញ្ញត្តិ ពាក់ព័ន្ធដ៏ទៃទៀត បានដាក់ចេញនូវវិធានការ ចាំបាច់មួយចំនួនមានចរិកជាការកំហិតសេរីភាព របស់បុគ្គល ក្នុងនោះ រួមមានទាំងវិធានការ វ៉ាក់សាំងកាតព្វកិច្ចលើបុគ្គល ក្រុមគោលដៅ និងកន្លែងមួយចំនួនផងដែរ ដែលមានហានិភ័យខ្ពស់ នៃ ការឆ្លងកូវីដ-១៩នេះ ក្នុងគោលដៅប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលកូវីដ-១៩ ការពារអាយុជីវិតរបស់ពលរដ្ឋ សណ្តាប់ធ្នាប់សង្គម និង សុខភាពសាធារណៈ ៕

សម្ដេចតេជោ នឹងថ្វាយសំណើទៅព្រះមហាក្សត្រដើម្បី ដកស័ក្តិ និងបណ្តេញពីក្របខណ្ឌ នគរបាលជាតិ ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ដែលផឹកស៊ី រាំច្រៀង ផ្ទុយពីសេចក្ដីសម្រេចរាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថាសម្ដេចកំពុងធ្វើលិខិតថ្វាយទៅ ព្រះមហាក្សត្រ ដើម្បីស្នើដកស័ក្តិ និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលផឹកស៊ី រាំ ច្រៀង និងលេងបាតម៉្សៅ ផ្ទុយពីសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល។

ចំណាត់ការក្ដៅ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើង​បន្ទាប់ពីកម្លាំងនគរបាលខណ្ឌមានជ័យ នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានចាប់វាយខ្នោះ ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់។

តាមរយៈសារសំឡេង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «អាម្នាក់គឺ ថា (អ៊ុង ចាន់ធួក) គឺត្រូវកាត់ទោស ខ្ញុំកំពុងធ្វើនីតិវិធីដើម្បីស្នើសុំ ព្រះមហាក្សត្រ ដកស័ក្ត ហើយបណ្ដេញចេញពីនគរបាលជាតិ។ វាយខ្នោះហើយ អត់ព្រលែងទេ ត្រូវតែកាត់ទោស»។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ត្រូវបន្ដចុះពិនិត្យមើលអ្នកណាផឹកស៊ី ក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញ ចាប់បានវាយខ្នោះ និងកាត់ទោសតែម្ដង។

សូមរំលឹកថាក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត។ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវចាត់ទុកជាភូមិសាស្រ្តតែមួយ ដែលត្រូវបានបិទខ្ទប់៕

ទូតចិន៖ ការចែករំលែក វ៉ាក់សាំងចិន ជូនកម្ពុជា បង្ហាញពីចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការចែរំលែក វ៉ាក់សាំងចិន ជូនកម្ពុជា បង្ហាញយ៉ាងច្បាស់ អំពីចំណងមិត្តភាពដែកថែប ប្រៀបដូចបងប្អូន រវាងប្រទេសទាំងពីរ។

យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១៧មេសានេះបានឱ្យដឹងថាស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ទោះបីជាប្រទេសចិន ស្ថិតក្នុងស្ថានភាព ដែលមានតម្រូវការ វ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាម តម្រូវការបញ្ជាទិញ របស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាព ដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ស្ថានទូតចិននៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែក យ៉ាងសកម្ម ជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធ ប្រឆាំងជំងឺវីរុសកូវីដ-១៩ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ ប្រទេសកម្ពុជាហើយ។

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១មានចំនួន ១.៥លានដូសត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ។

វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយ បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា បាននិងកំពុងស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវ វ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូន ប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៣លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ១.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។ តាមរយៈវ៉ាក់សាំងដែលកម្ពុជាទទួលបាននោះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋបានជាង ១.២លាននាក់ហើយ៕

លោក សយ សុភាព អរគុណ មហាមិត្តចិន ដែលបានជួយហើយជួយទៀត ដល់កម្ពុជា លើបញ្ហា ប្រឆាំងកូវិដ១៩

ភ្នំពេញៈ ក្នុងនាម អតីតសហប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន លោកសយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសរសេរសារ ថ្លែងអំណរគុណតាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃអង្គារទី ១៣ ខែមេសាឆ្នាំ ២០២១ ចំពោះមហាមិត្តចិន ដែលបានជួយហើយជួយទៀត ដល់ប្រទេសកម្ពុជា លើបញ្ហាប្រឆាំងកូវីដ១៩។

លោក បានលើកឡើងថា “ខ្ញុំសុំ អរគុណ មហាមិត្តចិនដែលបានជួយហើយជួយទៀត ដល់កម្ពុជាលើ បញ្ហាប្រឆាំងកូវិដ១៩។ អ្នកខ្លះបានជួយតិចតួចជេរផង ប្រដៅផង ញុះឱ្យអតីតមេដឹកនាំបក្ស ប្រឆាំងវៃរដ្ឋាភិបាលគ្រប់កលល្បិចទាំងអស់” ។

ជាមួយគ្នានេះ លោក ក៏បានកោតសរសើរលោកពូ កឹម សុខា ដែលបានរួមចំណែក ក្នុងកិច្ចការដ៏ធំធេងនេះជាមួយរដ្ឋាភិបាល និង ប្រជាជន កម្ពុជា រួមគ្នាប្រឆាំងកូវិដ១៩ដោយទុកបញ្ហាខ្លះនៅមួយឡែក។

អ្នកអត្ថាធិប្បាយព័ត៌មាន មិនសំចៃវោហាររូបនេះ បានបន្តទៀតថា “សង្ឃឹមថាខ្មែររួមគ្នា​ ដោយស្មោះត្រង់ពិតនោះ កូវិដ១៩ និងរលាយសាបសូន្យ មិនដូចអ្នកខ្លះយកឱកាសនេះ​ ឃុបឃិត ជាមួយបរទេសផ្តួលខ្មែរ ដើម្បីមហិច្ឆតា របស់បក្សពួកខ្លួនឡើយ។

លោក សយ សុភាព ថ្លែងដោយម៉ឺងម៉ាត់ ចំពោះអ្នកបង្ករវិទ្ធង្សនា ថា «ប្រយុទ្ធគ្រប់រូបភាព នៃការបំផ្លាញខ្មែរក្រោមលេស «បដិវត្តន៏ចាក់វ៉ាក់សាំង»៕

To Top