ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច ដាក់ចេញ គោលនយោបាយ អន្ដរាគមន៍ ជំនួយសង្គមដើម្បី គាំពារប្រជាពលរដ្ឋ ទទួលផលប៉ះពាល់ ពីជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេក្ដីសម្រេចស្ដីពី យន្ដការ និងនីតិវិធីនៃការអនុវត្តវិធានការគោលន យោបាយអន្ដរាគមន៍ជំនួយសង្គមរបស់ រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ២០២១។

ក្នុងសេចក្ដីសម្រេចរបស់ ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្ដីសម្រេចនេះ មានគោលបំណងកំណត់យន្ដការ និងនីតិវិធីដាក់ឲ្យអនុវត្តវិធានការអន្ដរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋដែលរងគ្រោះ ឬរងប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។

សេចក្ដីសម្រេចនេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដូចជា ៖ គ្រួសារមានជីវភាពលំបាក រស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលត្រូវបានអនុវត្តវិធានការបិទខ្ទប់ ,គ្រួសារដែលមានសមាជិកទទួលរងជំងឺកូវីដ-១៩ តែមិនមានអ្នកស្លាប់ នៅទូទាំងប្រទេស និងគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេស៕

To Top