ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ស្នើឲ្យអានលម្អិតខ្លឹមសារកែសម្រួល វិធានការអនុវត្តអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានស្នើម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មទាំងអស់ អានលម្អិតលើខ្លឹមសារ សេចក្តីសម្រេលេខ ៥០ ស្តីពី កែសម្រួលវិធានការ ដែលត្រូវអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងប្រការ៣ ថ្មី។

សេចក្ដីសម្រេចស្ដីពី ការកែសម្រួលវិធានការដែលត្រូវអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំ ពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងប្រការ៣ថ្មី បានបញ្ជាក់ ថា «ក្នុងអំឡុងពេលនៃការអនុវត្តវិធានការ បិទខ្ទប់ ត្រូវហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។

តាមរយៈសារតេឡេក្រាម នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ បានលើកឡើងថា «សូមម្ចាស់ សហគ្រាស ឬម្ចាស់អាជីវកម្មទាំងអស់ មេត្តាអានលម្អិតលើខ្លឹមសារ នៃសេចក្តីសម្រេលេខ៥០ ស្តីពីកែសម្រួលវិធានការ ដែលត្រូវអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ (ប្រការ៣ ថ្មី) ដើម្បីបានយល់ច្បាស់ អំពីប្រភេទសកម្មភាពការងារ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរក្នុងអំឡុងពេលបិទខ្ទប់ និងលក្ខខណ្ឌនៃការកាត់បន្ថយចំនួនបុគ្គលិក»។

ក្រសួង ក៏បានណែនាំម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មទាំងអស់ ត្រូវអានដោយយកចិត្តទុកដាក់ នៃសេចក្តីសម្រេចនេះ នឹងដោះស្រាយនូវកង្វល់មួយចំនួនធំ ដែលបានចោទឡើង នាពេលកន្លងមក។

ក្រសួង បានបន្ថែមថា «សូមអានសេចក្តីសម្រេចលេខ៥០ យ៉ាងយកចិត្តទុកដាក់ និងចូលរួមអនុវត្តអោយបានម៉ឹងម៉ាត់ ចៀសវាងការធ្វើដំណើរឬការបើកដំណើរការអាជីវកម្ម ដែលមិនត្រូវបានអនុញ្ញាត ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់តឹងរឹង»។

ក្រសួងយុត្តិធម៌ ក៏បានសូមយោគយល់ និងអធ្យាស្រ័យចំពោះពេលវេលាដ៏លំបាកនេះ និងចូលរួមអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឲ្យបានឆាប់រហ័ស និងការពារសុខភាពសាធារណៈ និងអាយុជីវិតប្រជាពលរដ្ឋ៕

To Top