ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារ យើងមិនទាន់មានសិទ្ធិសម្រាកទេ (Video)

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធាន អនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ តាមគោលដៅ និងតំបន់ចត្តាឡីស័ក បានលើកឡើងថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើង មិនទាន់មានសិទ្ធិ សម្រាកទេ បន្ទាប់ពីបញ្ចប់ការរៀបចំ មណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាល នៅកោះពេជ្រ ជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាល អ្នកជំងឺកូវីដ១៩ នៅមណ្ឌលកោះពេជ្រ ដល់ប្រមាណជិត២៦០០ គ្រែ ក្រុមការងារបានបន្តទៅរៀបចំ មណ្ឌលព្យាបាលជំងឺកូវីដ១៩ មួយកន្លែងទៀត នៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាល អ្នកជំងឺកូវីដ១៩ ក្នុងករណីមានតម្រូវការចាំបាច់ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២១ មេសា នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានថ្លែងបញ្ជាក់ថា “ខ្ញុំនិងក្រុមការងារសង្ឃឹមថា ការឆ្លងនិងរីករាលដាល នៃជំងឺកូវីដ១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់ គ្រប់មុខហើយទីតាំង ដែលយើងរៀបចំទាំងនេះ នឹងមិនមានតម្រូវការប្រើប្រាស់ នោះទេ? បន្តែទោះ ជាយ៉ាងណា ក៏យើងនឹងខិតខំប្រឹងប្រែង រៀបចំមណ្ឌលព្យាបាល ជំងឺកូវីដ១៩ ទាំងនេះ ឲ្យបានឆាប់រហ័ស និងបានល្អ ក្នុងករណី មានតម្រូវការចាំបាច់ ក្នុងការទទួលព្យាបាល បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ១៩” ។

ជាមួយគ្នានោះ មេបញ្ជាការកងទ័ពជើងគោក ក៏បានអំពាវនាវសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៏ អនុវត្ត ក្នុងការបិទ ខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នា ទប់ស្កាត់ការរីករាលដាល និងឈានដល់ការ បញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេស របស់យើងបានឆាប់រហ័ស៕

To Top