ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកម៉ាស ៣.៤០០០ម៉ាស បន្ថែមជូនដល់កម្លាំង ក្រោមឱវាទ ដើម្បីបន្តបេសកកម្មប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (Video)

ភ្នំពេញៈ រយៈពេល០២ខែមកហើយ ដែលកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានមមាញឹកទាំងយប់ទាំងថ្ងៃ ក្នុងការចូលរួម សហការជាមួយ កម្លាំងចម្រុះ របស់គណៈបញ្ជាការ ឯកភាពរដ្ឋបាល និងកម្លាំងនគរបាល ទូទាំងរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការ រីករាលដាល នូវជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។

ក្នុងកាលៈទេសៈដ៏មានហានិភ័យនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមគ្រប់សកម្មភាព ក្នុងការបង្កាទប់ស្កាត់ប្រយុទ្ធប្រឆាំងនូវជំងឺ ដ៏កាចសាហាវខាងលើ គ្រប់កាលៈទេសៈ​ ក្នុងនោះ កងកម្លាំងម្នាក់ៗបានប្រឈម ជាមួយមេរោគទាំងនេះដោយផ្ទាល់ តាមរយៈការប៉ះពាល់ចាប់បង្ខំ នូវអ្នកជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលប៉ះពាល់អ្នកជំងឺកូវីដ-១៩ ដែលរឹងទទឹង ដែលមិនព្រម អនុវត្តតាមវិធាន សុខាភិបាលផង, ចូលរួមការពារត្រួតពិនិត្យនូវទីតាំង សម្រាកព្យាបាលនិងមណ្ឌលធ្វើចត្តាឡីស័ក រាប់រយកន្លែងផង, ចូលរួមល្បាត ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋ តាមដងផ្លូវ និងនៅតាមគេហដ្ឋានផង, ចូលរួមផ្សព្វផ្សាយ នូវសេចក្តីជូនដំណឹង សេចក្តីណែនាំ បទបញ្ជា សេចក្តីសម្រេច អនុក្រឹត្យ និងច្បាប់ ដែលពាក់ព័ន្ធដល់ការបង្កា ទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ផង, ចូលរួមសហការល្បាត និងឈរជើងត្រួតពិនិត្យ ការអនុវត្តបម្រាមគោចរ និងវិធានការ បិទខ្ទប់ភូមិសង្កាត់រហូត ដល់រាជធានីទាំងមូលផង និងបានរួមចំណែកចែកស្បៀង ចែកម៉ាស់ដល់បងប្អូន ប្រជាពលរដ្ឋជាច្រើនផង។

ក្រៅពីនេះ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់ ក្នុងការការពារខ្លួនគ្រប់ជំហានទាំងការរស់នៅ និង ការបំពេញបេសកកម្មរបស់ខ្លួន តាមសេចក្តីជូនដំណឹង និងវិធានការ របស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ និងវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារនាំយកម៉ាស់ចំនួន ៣.៤០០០ម៉ាសបន្ថែមទៀត ទៅចែកជូន ដល់កម្លាំង អាវុធហត្ថគ្រប់គោលដៅ ដើម្បីយកទៅប្រើប្រាស់បន្តបេសកកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ជាបន្តទៀត៕

To Top