ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក បញ្ជូនកម្លាំង ចូលរួមប្រតិបត្តិការ បិទខ្ទប់ក្នុងភូមិសាស្រ្ត ក្រុងព្រះសីហនុ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ចេញកម្លាំងទ័ព តាមការស្នើសុំរបស់ រដ្ឋបាលខេត្តព្រះសីហនុ ក្នុងគ្រាដែលខេត្ត ត្រូវធ្វើការបិទខ្ទប់ ចាប់ពីម៉ោងសូន្យថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា «កម្លាំងរបស់កងទ័ពជើងគោក ដែលត្រូវចូលរួម រួមមាន កម្លាំងតំបន់ប្រតិបត្តិការ សឹករងព្រះស៊ីហនុ និងកម្លាំងរបស់កងពលតូចថ្មើរជើង លេខ៣១ ចំណុះយោធភូមិភាគទី៣» ។

សូមបញ្ជាក់ជូនថា អាជ្ញាធរខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ ( Lockdown) ភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការ ឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលចាប់អនុវត្ត ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ថ្ងៃ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានា ដល់ប្រសិទ្ធិភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តបិទខ្ទប់ និងមិនឱ្យរាលដាលទៅតំបន់ផ្សេងទៀត ។

ជាងនេះទៅទៀត ការអនុវត្តវិធានការបិទខ្ទប់ គណៈបញ្ជាការខេត្ត ត្រូវបានប្រើប្រាស់កម្លំាង រួមមាន ស្នងការដ្ឋាន នគរបាលខេត្ត បញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ មូលដ្ឋានសមុទ្រ នាយកដ្ឋាននគរបាល ការពារព្រំដែនទឹក និងកងពលតូថ្មើរជើងលេខ៣១ នៃយោធភូមិភាគទី៣ ដើម្បីបង្កើតក្រុមការងារ ប្រចាំការក្នុងភូមិសាស្រ្ត ដែលត្រូវបានបិទខ្ទប់ សម្រាប់ទទួលបន្ទុក និងសម្របសម្រួល លើការងារចាំបាច់ រួមមាន ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញ និងការផ្គត់ផ្គង់ទំនិញ ការងារទាក់ទង និងការអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជាដើម និងការងារផ្តល់សេវាសុខាភិបាលទូទៅ ក្នុងភូមិសាស្រ្តដែលបានបិទខ្ទប់ ៕

To Top