ព័ត៌មានជាតិ

ឃាត់ខ្លួនប្រជាពលរដ្ឋ ៨នាក់ លួចធ្វើដំណើរឆ្លង ពីខេត្តព្រះសីហនុ ចូលខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៨នាក់ ត្រូវបាន សមត្ថកិច្ចខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៣ មេសា នេះ ក្រោយលួចធ្វេីដំណើរ ពីខេត្តព្រះសីហនុ ចូលខេត្តកំពង់ស្ពឺ គេចពីប៉ុស្តិ៍ត្រួតពិនិត្យ នៅចំណុចលោកយាយម៉ៅ ពេជ្រនិល ។

លោក វ៉ី​ សំណាង អភិបាលខេត្តកំពង់ស្ពឺ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា «នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ2021នេះ គណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច បានឃាត់ខ្លួនបងប្អូនប្រជាពរដ្ឋចំនួន៨នាក់ ម៉ូតូ៣គ្រឿងដែលធ្វើដំណើរឆ្លងពីខេត្តព្រះសីហនុ មកខេត្តកំពង់ស្ពឺ តាមផ្លូវល្បឿនលឿន ( គេចពីប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចលោកយាយម៉ៅពេជ្រនិល )»។

ឆ្លៀតក្នុងឱកាសនេះលោក អភិបាលខេត្តកំពង់ស្ពឺរូបនេះ ក៏បានអំពាវនាវ ដល់បងប្អូនយ៉ាងទទូច បើគ្មានការចាំបាច់ទេ សូមកុំធ្វើដំណើរ ឆ្លងពីតំបន់មួយទៅតំបន់មួយឲ្យសោះ។ ពីព្រោះវាអាចនាំមេរោគ covid-19 មកចម្លងដល់អ្នកដទៃជាយថាហេតុ៕

To Top