ព័ត៌មានជាតិ

វេជ្ជបណ្ឌិត និងនិស្សិតខ្មែរ ដែលសិក្សា នៅប្រទេសចិន មកជួយចាក់ វ៉ាក់សាំងការពារ ប្រជាជនប្រឆាំង វីរុសកូវីដ១៩

ភ្នំពេញ៖ លោកស្រី ចឹង សេងលីម ជនជាតិខ្មែរ ជានិស្សិតវេជ្ជសាស្រ្ត ឬ និស្សិតពេទ្យ នៅសាកលវិទ្យាល័យមួយក្នុងប្រទេសចិនបាននិយាយថា លោកស្រីមានចិត្តរំភើបដែលអាចជួយចាក់វ៉ាក់សាំងដល់ប្រជាជននៅកម្ពុជាប្រឆាំងនឹងជំងឺកូវីដ១៩ នៅពេលដែលព្រះរាជាណាចក្រនេះផ្ទុះឡើងករណីឆ្លងថ្មីៗ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានចុះឈ្មោះករណីឆ្លងថ្មីចំនួន ៥១១នាក់ កាលពីថ្ងៃសៅរ៍ ដែលបានជំរុញឱ្យចំនួនអ្នកឆ្លងវីរុសសរុបកើនដល់ទៅ ៩ ៣៥៩ នាក់ និងមានអ្នកស្លាប់ចំនួន ៧១ នាក់។

សេងលីម ដែលជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រខាងត្បូងនៅក្វាងចូវនៃខេត្ត Guangzhou ភាគខាងត្បូងប្រទេសចិន បានចូលរួមជាមួយវេជ្ជបណ្ឌិតនិងនិស្សិត ដែលសិក្សានៅប្រទេសចិនដទៃទៀត ក្នុងការចាក់វ៉ាក់សាំងការពាររោគនៅឯកន្លែងចាក់វ៉ាក់សាំងមួយនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

និស្សិតវ័យ ២៨ ឆ្នាំរូបនេះបាននិយាយថា លោកស្រីនិងអ្នកជំនាញផ្នែកវេជ្ជសាស្រ្តផ្សេងទៀត បានស្ម័គ្រចិត្តចាត់ចែងចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ បន្ទាប់ពីមានការអំពាវនាវពីគណៈកម្មាធិការអាដហុក សម្រាប់ការចាក់វ៉ាក់សាំង COVID-១៩ ហើយអ្នកស្ម័គ្រចិត្តទាំងនោះ ត្រូវបានទទួលការបណ្តុះបណ្តាលយ៉ាងល្អពីសំណាក់វេជ្ជបណ្ឌិតជើងចាស់មុនពេលដាក់ពង្រាយ កន្លែងចាក់ថ្នាំបង្ការរោគ។

លោកស្រីបានប្រាប់ស៊ិនហួថា « ខ្ញុំមានមោទនភាពដែលបានធ្វើការជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដទៃទៀត ក្នុងពេលចាក់វ៉ាក់សាំងនេះ ពីព្រោះខ្ញុំចង់ជួយការពារប្រជាជនរបស់យើងប្រឆាំងនឹងជំងឺឆ្លងខ្លាំងនេះ» ។

សេងលីមបាននិយាយថា លោកស្រីគ្មានការស្ទាក់ស្ទើរក្នុងការស្ម័គ្រចិត្តក្នុងកិច្ចការមនុស្សធម៌នេះដោយនិយាយថា និស្សិតពេទ្យគឺជាអ្នកផ្តល់សេវាថែទាំសុខភាពនាពេលអនាគតហើយត្រូវតែមានភាពក្លាហាន។

លោកស្រីបន្តថា «នៅពេលដែលខ្ញុំជ្រើសរើសអាជីពនេះ ខ្ញុំដឹងរួចហើយថា ខ្ញុំនឹងប្រឈមមុខនឹងស្ថានភាពបែបនេះឬថ្ងៃស្រដៀងគ្នានោះដូច្នេះខ្ញុំត្រៀមខ្លួនដើម្បីប្រឈមមុខ ហើយប្រសិនបើយើងមិនបំពេញការងាររបស់យើងតើអ្នកណានឹងធ្វើជំនួសយើង ? នេះជាបទពិសោធន៍ដំបូងរបស់ខ្ញុំហើយខ្ញុំមិនដែលភ្លេចវាទេ»។

របាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញថា ប្រទេសកម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ នៅថ្ងៃទី ១០ ខែកុម្ភៈ។ រហូតមកដល់ពេលនេះប្រជាជនប្រហែល ១,៣ លាននាក់ នៅក្នុងក្រុមអាទិភាពត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ។

លោក ស្រូយ សុភ័ក្ត្រា ជានិស្សិតទើបបញ្ចប់ការសិក្សា បរិញ្ញាបត្រផ្នែកវេជ្ជសាស្ត្រពីសាកលវិទ្យាល័យ វេជ្ជសាស្ត្រ Guilin Medical នៅតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូង ប្រទេសចិន បាននិយាយថា ការចាក់វ៉ាក់សាំងបានផ្តល់ឱកាសដល់គាត់ក្នុងការបម្រើប្រជាជននិងជួយប្រទេសប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

លោកបានប្រាប់ស៊ីនហួផងដែរថា «យើងដឹងថាការងាររបស់យើងគឺមានហានិភ័យខ្ពស់នៃការឆ្លង ប៉ុន្តែយើងនៅតែចង់ធ្វើការងារនេះពីព្រោះយើងចង់ការពារប្រជាជនរបស់យើង និងដើម្បីឈ្នះទៅលើវីរុសកូវីដ១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

វេជ្ជបណ្ឌិតអាយុ ២៥ ឆ្នាំរូបនេះ បាននិយាយថា “ក្នុងនាមជាវេជ្ជបណ្ឌិត កាតព្វកិច្ចនិងភារកិច្ចរបស់យើង គឺដើម្បីជួយសង្គ្រោះមនុស្សហើយយើងមិនអាចលាក់ខ្លួននៅផ្ទះបានទេ នៅពេលមនុស្សត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ” ។

លោកសុភ័ក្រ្តា បន្តថា តម្រូវការចាក់វ៉ាក់សាំងគឺមានច្រើននៅកម្ពុជា ដោយសារតែជំងឺរាតត្បាតមិនទាន់បង្ហាញសញ្ញានៃការថមថយនៅឡើយ។

ស្ថាបនិកនិងជាប្រធានកិត្តិយសរបស់ សមាគមនិស្សិតកម្ពុជានៅប្រទេសចិន (ACSC) បានមានប្រសាសន៍ថា សមាគមនិស្សិតកម្ពុជានៅប្រទេសចិន បានប្រមូលផ្តុំវេជ្ជបណ្ឌិតនិងនិស្សិតកម្ពុជា ដែលទទួលការបណ្តុះជាភាសាចិនចំនួន ៥១ នាក់ដើម្បីចូលរួមក្នុងសកម្មភាពជំរុញការចាក់វ៉ាក់សាំងនេះ។

លោកបានប្រាប់ស៊ិនហួថា « បច្ចុប្បន្នមានមនុស្សចំនួន ២៦ នាក់ត្រូវបានគេបញ្ជូនទៅកន្លែងចាក់វ៉ាក់សាំងបង្ការក្នុងរាជធានីភ្នំពេញ ខណៈដែលអ្នកផ្សេងទៀត ត្រូវបានគេដាក់ពង្រាយទៅកន្លែងចាក់វ៉ាក់សាំងបង្ការក្នុងខេត្តផ្សេងៗ» ។

លោកថា « វ៉ាក់សាំងគឺដូចជាអាវការពារគ្រាប់កាំភ្លើងដែលអាចការពារអាយុជីវិតរបស់យើង ដូច្នេះយើងសង្ឃឹមថា ការចូលរួមរបស់គ្រូពេទ្យនឹងចូលរួមចំណែកក្នុងការការពារអាយុជីវិតប្រជាជនរបស់យើង និងកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ» ៕

To Top