ព័ត៌មានជាតិ

ខែមេសា ចាប់រថយន្តដឹកលើស ទម្ងន់ ១៦១គ្រឿង និងពិន័យជា ថវិកាបានជាង ២០០លានរៀល

ភ្នំពេញ ៖ គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ បានឲ្យដឹងថា ខែមេសា ឆ្នាំ២០២១នេះ ចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ចំនួន១៦១គ្រឿង ដោយធ្វើការពិន័យបានថវិកា ចំនួន២២២ ០០០ ០០០ រៀល ដោយមានការថយចុះ ចំនួន១២២គ្រឿង ស្មើ៤៣ % បើធៀបនឹងទិន្នន័យ កាលពីខែមីនា ឆ្នាំ២០២១ ចំនួន២៨៣គ្រឿង ។

យោងតាម គេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានណែនាំ ដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ ដែលបណ្តាលមកពី ការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិ ដែលនាំឱ្យខាតបង់ ថវិកាជាតិ ព្រមទាំង បង្កនូវគ្រោះថ្នាក់ ប៉ះពាល់ ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។

ទន្ទឹមនោះក្រសួង ក៏បានអំពាវនាវម្ចាស់យានយន្ត ដឹកជញ្ជូនទាំងអស់ ត្រូវចូលរួមអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា៕

To Top